(កៀវ)៖ យោធាអ៊ុយក្រែន នៅថ្ងៃអង្គារនេះ បានព្រមានដល់ប្រជាជនរបស់ខ្លួន អំពីការបាញ់ផ្លោងរបស់កងទ័ពរុស្ស៊ីបន្ថែម លើហេដ្ឋារចនាសម្ព័ន្ធ អ៊ុយក្រែន ដោយមិនរើសមុខ ខណៈដែលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក៏បានព្រមានផងដែរថា រុស្ស៊ីកំពុងពិចារណាប្រើប្រាស់អាវុធគីមី និងជីវសាស្រ្ត។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២២ ខែមីនា ឆ្នាំ២០២២។

ថ្លែងនៅក្នុងវេទិកាធុរកិច្ចមួយ នៅថ្ងៃចន្ទសប្ដាហ៍នេះ លោកបៃដិន បានបញ្ជាក់ដោយមិនបង្ហាញភស្តុតាងដូច្នេះថា «ការចោទប្រកាន់ដោយគ្មានភស្តុតាង ណាមួយថាអ៊ុយក្រែនមានអាវុធគីមី និងជីវសាស្រ្ត ពីសំណាក់លោក វ្ល៉ាឌីមៀ ពូទីន នឹងនាំឲ្យមានការពិចារណាឆ្លើយតបវិញដោយ ប្រើអាវុធប្រភេទនេះ»។

ដោយឡែក នៅក្នុងសេក្តីថ្លែងការណ៍របស់ខ្លួន, យោធាអ៊ុយក្រែនក៏បានលើកឡើងដែរថា កងទ័ពរុស្ស៊ីអាចនឹងបន្តវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធ សំខាន់ៗផ្សេងទៀតរបស់អ៊ុយក្រែន ជាមួយនឹងអាវុធគ្រប់ប្រភេទ និងមានអនុភាពខ្ពស់»។ ប៉ុន្តែ រុស្ស៊ីកន្លងមកបានអះអាងថាខ្លួនមិនបានវាយប្រហារ ដោយមានគោលដៅលើជនស៊ីវិល ឬក៏ប្រើប្រាស់អាវុធគីមីនោះទេ។

គួរបញ្ជាក់ថា កងទ័ពរុស្ស៊ីត្រូវបានគេរាយការណ៍ថាបានបរាជ័យ ក្នុងការដណ្តើមយកទីក្រុងធំៗណាមួយរបស់អ៊ុយក្រែន ក្នុងប្រតិបត្តិការវាយប្រហារ របស់ខ្លួនរយៈពេល ៤សប្តាហ៍មកនេះ។ ការវាយប្រហារកាន់តែខ្លាំង ដែលបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធលំនៅដ្ឋានមួយភាគធំដោយប្រើប្រាស់មីស៊ីល រយៈចម្ងាយឆ្ងាយ និងកាំភ្លើងធំ។ ទីក្រុងកំពង់ផែម៉ារីយូប៉ូល (Mariupol) ភាគខាងត្បូងបានក្លាយជាចំណុចស្នូលនៃការវាយលុក ខណៈដែលទីក្រុង
កៀវ ក៏បានរងនូវការវាយប្រហារខ្លាំងរយៈពេល ២ថ្ងៃចុងក្រោយនេះ៕