(ស៉ីដនី)៖ រដ្ឋាភិបាលអូស្រ្តាលីនៅថ្ងៃអង្គារនេះ បានប្រកាសពីការបង្កើតបញ្ជាការដ្ឋានផ្នែកអវកាស ដែលជាទីភ្នាក់ងារការពារជាតិថ្មីសន្លាងមួយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២២ ខែមីនា ឆ្នាំ២០២២។

ក្នុងឱកាសនៃការប្រកាសពីដំណឹងខាងលើ រដ្ឋមន្រ្តីការពារជាតិអូស្រ្តាលី លោក ភីតឺ ឌូតុន (Peter Dutton) បានលើកឡើងដូច្នេះថា «ទីអវកាសប្រាកដណាស់ នឹងក្លាយជាកន្លែងមានសារសំខាន់ផ្នែកយោធាខ្លាំងបំផុត ក្នុងសតវត្សរ៍នេះ»។ ជាមួយគ្នា លោក Dutton ក៏បានបន្ថែមដែរថា ទីភ្នាក់ងារយោធាថ្មីនេះ ត្រូវបង្កើតឡើង ដើម្បីជាការទប់ទល់មហិច្ឆតាយោធានៅទីអវកាសរបស់ចិន និងរុស្ស៉ី។

យ៉ាងណាមិញ លោករដ្ឋមន្រ្តីការពារជាតិអូស្រ្តាលី មិនបានបង្ហើបពីចំនួនបុគ្គលិក និងទំហំកញ្ចក់ថវិកា សម្រាប់បម្រើដល់បញ្ជាការដ្ឋានផ្នែកអវកាសនេះឡើយ ដោយត្រឹមនិយាយថា នៅដំណាក់កាលដំបូង វានឹងមានលក្ខណៈល្មមៗសិនប៉ុណ្ណោះ ប៉ុន្តែតទៅពេលអនាគត អូស្រ្តាលីនឹងត្រូវការកងកម្លាំងអវកាសផងដែរ ដែលលោកចង់សំដៅលើ កងអង្គភាពយោធាថ្មីរបស់សហរដ្ឋអាមេរិក ដែលត្រូវបានបង្កើតឡើង កាលពីឆ្នាំ២០១៩ ដោយអតីតរដ្ឋបាល លោក ដូណាល់ ត្រាំ។

គួរបញ្ជាក់ថា បញ្ជាការដ្ឋានអវកាសនេះ នឹងជួយត្រួសត្រាយផ្លូវសម្រាប់ កិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធថែមទៀត រវាងអាមេរិក និងអូស្រ្តាលី បន្ទាប់ពីសម្ព័ន្ធមិត្តទាំងពីរ រួមជាមួយចក្រភពអង់គ្លេស បានបង្កើតភាពជាដៃគូផ្នែកយោធាថ្មីមួយហៅថា AUKUS កាលពីចុងឆ្នាំមុន៕