(អូស្លូ)៖ មនុស្សទាំងអស់ ៤នាក់ នៅលើឧទ្ធម្ភាគចក្រយោធាអាមេរិកមួយគ្រឿង បានស្លាប់ពេល នៅពេលដែលវាបានធ្លាក់នៅក្នុងតំបន់ដាច់ស្រយាល មួយនៃភាគខាងជើងប្រទេសន័រវែស នៅថ្ងៃសុក្រសប្តាហ៍នេះ កំឡុងការធ្វើសមយុទ្ធយោធាដឹកនាំដោយអង្គការ NATO។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៩ ខែមីនា ឆ្នាំ២០២២ បើតាមប៉ូលិសន័រវែស អ្នកទាំង ៤នាក់ខាងលើសុទ្ធតែមានសញ្ជាតិអាមេរិក។ ចំណែកឯ ក្រុមអ្នកជួយសង្រ្គោះដែលបានចុះទៅដល់ទីតាំងកើតហេតុ នៅព្រឹកថ្ងៃសៅរ៍នេះ (ម៉ោងក្នុងតំបន់) បានឲ្យដឹងថា ឧទ្ធម្ភាគចក្រយោធានេះធ្លាក់ទំនងជាមិនអាចចុះចតបាន ដោយសារតែអាកាសធាតុមិនល្អ ដោយមានខ្យល់បោកនិងភ្លៀងធ្លាក់ខ្លាំង ព្រមទាំងមានហានិភ័យនៃការធ្លាក់ព្រិល។

គួរបញ្ជាក់ថា ឧទ្ធម្ភាគចក្រយោធា MV-22B Osprey ដែលជាកម្មសិទ្ធរបស់កងទ័ពម៉ារីនអាមេរិក បានចូលរួមក្នុងសមយុទ្ធមួយមានឈ្មោះថា Cold Respon ដោយមានកងកម្លាំងប្រហែល ៣០,០០០នាក់ មកពី២៧ប្រទេសក៏បានចូលរួមផងដែរ ក្រោមក្របខណ្ឌរបស់ NATO៕