(វៀងចន្ទន៍)៖ ដោយសារតែករណីឆ្លងមេរោគកូវីដ១៩ បំប្លែងថ្មីអូមីក្រុងប្រចាំថ្ងៃបានកើនឡើងនៅទូទាំងប្រទេស ជាពិសេសរដ្ឋធានីវៀងចន្ទន៍, រដ្ឋាភិបាលឡាវអាចនឹងសម្រេចចិត្តលុបចោលការរៀបចំពិធីបុណ្យចូលឆ្នាំថ្មី ក្នុងឆ្នាំ២០២២នេះ។ នេះបើតាមការដកស្រង់ចេញផ្សាយពីការសែត ដឺ ឡាវតៀន ថែមស៍ (The Laotian Times) នៅថ្ងៃសុក្រ ទី១៧ ខែមីនា ឆ្នាំ២០២២។

មន្រ្តីសុខាភិបាលឡាវ បាននិយាយថា ខណៈដែលអាជ្ញាធរកំពុងព្យាយាមទប់ស្កាត់ការឆ្លងមេរោគដែលតា (Delta) ឥលូវនេះក៏មានការផ្ទុះឡើងនូវ ប្រភេទអូមីក្រុង ដែលនាំឲ្យមានការរាលដាលកាន់តែខ្លាំងជាងមុន។ អត្រាឆ្លងកូវីដ១៩ ក្នុងប្រទេសឡាវបានកើនឡើងជាលំដាប់ ជាពិសេស ករណីឆ្លងអូមីក្រុង ដែលបានកើនឡើងពីក្រោម ២០០ករណី រហូតដល់ ៨០០ករណីក្នុងមួយថ្ងៃ ក្នុងពេលបច្ចុប្បន្ន ហើយដែលនេះ នាំឲ្យមានការប្រកាសអាសន្នពីរលកឆ្លងថ្មី។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០២០កន្លងទៅ ប្រទេសឡាវបានលុបចោលការរៀបចំពិធីបុណ្យចូលឆ្នាំ ឬហៅជាភាសាឡាវថា ភី ម៉ៃ (Pi Mai)ដែលជាពិធីបុណ្យដ៏ធំរបស់ខ្លួនម្តងរួចមកហើយ ហើយកាលពីឆ្នាំ២០២១ បានអនុញ្ញាតឲ្យរៀបចំលក្ខណៈតូចតាចប៉ុណ្ណោះដូចជាលក្ខណៈ គ្រួសារ, កន្លែងធ្វើការ និងនៅប្រាសាទនានាស្របទៅតាមទំនៀមទម្លាប់របស់ខ្លួន៕