(តៃប៉ិ)៖ យោធាតៃវ៉ាន់បានធ្វើសមយុទ្ធយោធា នៅលើកោះមួយ ដែលមានចម្ងាយមិនដល់ ៥០គីឡូម៉ែត្រឡើយពីប្រទេសចិន ជាមួយការបាញ់គ្រាប់ពិតទៅកាន់គោលដៅត្រូវបានកំណត់ ហើយសមយុទ្ធយោធានេះធ្វើឡើងចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើង នៅក្នុងទីក្រុងតៃប៉ិថា ការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែន អាចជម្រុញឲ្យទីក្រុងប៉េកាំងចាប់ផ្តើមប្រតិបត្តិការស្រដៀងគ្នានេះ។ នេះបើយោងតាមការចុះផ្សាយរបស់ សារព័ត៌មាន RT នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែមីនា ឆ្នាំ២០២២។

សមយុទ្ធយោធាតៃវ៉ាន់ កាលពីថ្ងៃពុធសប្តាហ៍នេះ ធ្វើឡើងនៅលើកោះ ដុងយីន (Dongyin) ស្ថិតនៅភាគអាគ្នេយ៍ពីទីក្រុង ហ្វូចូវ (Fuzhou) ប្រទេសចិន គឺរួមមានការបាញ់កាំភ្លើងធំ និងកាំភ្លើងយន្តទៅកាន់គោលដៅដែលកំណត់នៅលើទឹក តំណាងឲ្យកម្លាំងសត្រូវ។ ក្រសួងការពារជាតិតៃវ៉ាន់ បានហៅការធ្វើសមយុទ្ធនេះថាជាសមយុទ្ធបាញ់គ្រាប់ពិត ដែលធ្វើឡើងចំពេលមានភាពតានតឹងកាន់តែខ្លាំងជាមួយទីក្រុងប៉េកាំង ដែលចាត់ទុកជាតៃវ៉ាន់ ជាខេត្តមួយរបស់ខ្លួន។

គួរបញ្ជាក់ថា ដុងយីន គឺជាកោះមួយក្នុងចំណោមកោះជាច្រើនដែលគ្រប់គ្រងដោយតៃវ៉ាន់ស្ថិតនៅជិតឆ្នេរសមុទ្រចិន។ ទីក្រុងតៃប៉ិ ត្រូវបានគេ រាយការណ៍ថា កំពុងរៀបចំផែនការធ្វើសមយុទ្ធ ដើម្បីពង្រឹងសមត្ថភាពការពាររបស់ខ្លួនលើកូនកោះជាច្រើន ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំង ឡើងថាចិន នឹងដណ្តើមយកកោះមួយឬច្រើន ដើម្បីបង្ខំឲ្យមានការចរចាបង្រួបបង្រួមជាមួយតៃប៉ិ៕