(ប៉េកាំង)៖ នារសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ ក្រុមគ្រូពេទ្យជំនាញវេជ្ជសាស្ត្របុរាណចិនចំនួន១០នាក់ បានធ្វើដំណើរមកដល់រាជធានីភ្នំពេញហើយ ខណៈដែលសមាជិកក្រុម២នាក់នៅកម្ពុជាស្រាប់ ដូច្នេះសរុបចំនួន១២នាក់។ នេះគឺជាក្រុមពេទ្យជំនាញវេជ្ជសាស្ត្របុរាណថ្នាក់ជាតិរបស់ចិនដំបូងគេ ដែលប្រទេសចិនចាត់បញ្ជូនទៅក្រៅប្រទេស។

ឯកឧត្តម អឿន បូរារ័ត្នន៍ រដ្ឋលខាធិការក្រសួងសុខាភិបាលនិង ឯកឧត្តម Wu Guoquan ទីប្រឹក្សាសេដ្ឋកិច្ចនិងពាណិជ្ជកម្ម នៃស្ថានទូតចិនប្រចាំកម្ពុជា ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត បានអញ្ជើញទៅទទួលដំណើរមកដល់ នៃក្រុមគ្រូពេទ្យជំនាញវេជ្ជសាស្ត្របុរាណចិន នាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាពេលនោះ។

ឯកឧត្តម អឿន បូរារ័ត្នន៍ រដ្ឋលខាធិការក្រសួងសុខាភិបាល បានថ្លែងអំណរគុណដល់រដ្ឋាភិបាលចិន ដែលតែងតែឧបត្ថម្ភឱសថបុរាណចិន Lianhua Qingwen ដល់រាជរដ្ឋាភិបាលកម្ពុជា នាពេលកន្លងមក។ ឯកឧត្តមជឿជាក់ថា ឱសថបុរាណចិនពិតជាមានអត្ថប្រយោជន៍ណាស់ ដោយជួយព្យាបាលជំងឺជូនប្រជាពលរដ្ឋកម្ពុជាបានជាសះស្បើយបានច្រើន រួមចំណែកយ៉ាងខ្លាំងក្នុងការព្យាបាលអ្នកជំងឺ។ ឯកឧត្តមបានមានប្រសាសន៍ទៀតថា វត្តមានរបស់ក្រុមគ្រូពេទ្យជំនាញវេជ្ជសាស្ត្របុរាណថ្នាក់ជាតិរបស់ចិន នាពេលនេះ ពិតជាមានផលប្រយោជន៍ច្រើន គាត់បាននាំមកនូវ បច្ចេកវិទ្យាថ្មីបង្ហាត់បង្រៀនដល់ក្រុមគ្រូពេទ្យកម្ពុជា ក្នុងការព្យាបាលកូវីដ១៩ ព្រមទាំងនឹងជួយព្យាបាលជំងឺជូនប្រជាជនកម្ពុជា ឲ្យបានត្រឹមត្រូវ។

លោកស្រី Xu Fengqing ប្រធានក្រុមគ្រូពេទ្យជំនាញវេជ្ជសាស្ត្របុរាណចិន បានមានប្រសាសន៍ថា បេសកកម្មរបស់ក្រុមលោកស្រី គឺក្នុងគោលបំណងចែករំលែកបទពិសោធន៍ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជាមួយភាគីកម្ពុជា។ លោកស្រីថា ក្រុមលោកស្រីនឹងការពិភាក្សាផ្នែកវេជ្ជសាស្ត្រ ជាមួយគ្រូពេទ្យកម្ពុជា ព្រមទាំងជាមួយនឹងការជួយព្យាបាល ប្រជាជនកម្ពុជាផងដែរ។

ការចាត់បញ្ជូនក្រុមគ្រូពេទ្យជំនាញវេជ្ជសាស្ត្របុរាណចិនជួយកម្ពុជាប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ លើកនេះ គឺជាជំហានសំខាន់មួយទៀតនៃវេជ្ជសាស្ត្រ និងឱសថបុរាណចិន ក្នុងការជួយកម្ពុជាទប់ស្កាត់ជំងឺកូវីដ១៩ ហើយវានឹងពង្រឹងកិច្ចសហប្រតិបត្តិការទប់ស្កាត់ជំងឺកូវីដ១៩ កម្ពុជា-ចិន មួយកម្រិតបន្ថែមទៀត ដើម្បីចូលរួមបង្កើតសហគមន៍វាសនារួមកម្ពុជាចិន និងបង្កើតសហគមន៍សុខភាពអនាម័យរួមនៃមនុស្សជាតិផងដែរ។

ការបង្ការជំងឺឆ្លងពុំមានកំណត់ព្រំដែនប្រទេស ធ្វើយ៉ាងម៉េចគឺត្រូវតែគ្រប់គ្រាន់ឱ្យបានទាន់ពេល ទប់ទល់ការឆ្លងរាលដាល ឱ្យសមស្របទៅតាមផលប្រយោជន៍មូលដ្ឋានរបស់ប្រជាជនគ្រប់ប្រទេស ព្រមទាំងមានសារសំខាន់សម្រាប់ពង្រឹង និងអភិវឌ្ឍមិត្តភាពជាប្រពៃណីរវាងប្រជាជនចិន និងប្រជាជនកម្ពុជា។ ឆ្លើយតបទៅនឹងការរាតត្បាតនៃកូវីដ១៩លើកនេះ វេជ្ជសាស្ត្រនិងឱសថបុរាណចិនបានបង្ហាញពី សារសំខាន់របស់ខ្លួនយ៉ាងខ្លាំងនៅក្នុងប្រទេសចិន ហើយនឹងចាត់បញ្ជូនក្រុមគ្រូពេទ្យជំនាញវេជ្ជសាស្ត្របុរាណចិនជាក្រុម ទៅសង្គ្រោះព្យាបាល ដែលនេះពិតជាមានអត្ថន័យធំធេង។

តាមគម្រោង ក្រុមគ្រូពេទ្យជំនាញវេជ្ជសាស្ត្របុរាណ ជួយកម្ពុជាទប់ស្កាត់ជំងឺកូវីដ១៩ នឹងចាប់ផ្ដើមអនុវត្តភារកិច្ចព្យាបាល ជូនសាធារណជននៅមន្ទីរមិត្តភាពកម្ពុជាចិនព្រះកុសុមៈ ដែលជាជំនួយសាងសង់ដោយភាគីចិន ដើម្បីណែនាំបង្ហាញពីបទពិសោធន៍គ្រប់គ្រងជំងឺរាតត្បាតកូវីដ១៩ របស់ប្រទេសចិន ជូនដល់ភាគីកម្ពុជា ប្រើប្រាស់ក្រុមវេជ្ជសាស្ត្រនិងឱសថបុរាណចិន ចាប់ផ្ដើមការងារជួយសង្គ្រោះព្យាបាល ជួយកម្ពុជាប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដើម្បីធ្វើកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៃប្រទេសទាំងពីរកាន់តែស៊ីជម្រៅ។ ពួកគាត់ក៏នឹងការពិនិត្យព្យាបាលជំងឺ ដោយប្រើវេជ្ជសាស្ត្របុរាណចិន ផ្សព្វផ្សាយបច្ចេកទេសវេជ្ជសាស្ត្រនិងឱសថបុរាណចិន បង្កើនកម្រិតវិស័យព្យាបាល និងសុខាភិបាលកម្ពុជា ដើម្បីចូលរួមជាស្នាដៃថ្មីក្នុងវឌ្ឍនភាពកិច្ចការជាមិត្តភាពកម្ពុជាចិន និងការបង្កើតសហគមន៍វាសនារួមកម្ពុជាចិន៕

(វិទ្យុមិត្តភាពកម្ពុជា-ចិន)