(យូអិន)៖ តុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅថ្ងៃពុធសប្ដាហ៍នេះបានបង្គាប់ឱ្យរុស្ស៊ីបញ្ឈប់សកម្មភាពយោធា នៅក្នុងប្រទេសអ៊ុយក្រែនជាបន្ទាន់ ជាមួយការបង្ហាញក្ដីព្រួយបារម្ភជាខ្លាំងពីការប្រើប្រាស់កម្លាំងបាយរបស់ទីក្រុងម៉ូស្គូ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Al Jazeera នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែមីនា ឆ្នាំ២០២២។

ចៅក្រមនៃតុលាការ ICJ ចេញសេចក្ដីបង្គាប់ខាងលើនៅក្នុងសំឡេងគាំទ្រ១៣ ទល់នឹង២សំឡេងជំទាស់។ តុលាការអន្តរជាតិមួយនេះបានបញ្ជាក់ ដូច្នេះថា «សហព័ន្ធរុស្ស៊ី ត្រូវតែបញ្ឈប់ប្រតិបត្តិការយោធាដែលបានចាប់ផ្ដើមតាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២មក នៅលើទឹកដីអ៊ុយក្រែន ជាបន្ទាន់»

បន្ថែមពីលើនេះ ចៅក្រមតុលាការ ICJ បានជំរុញឱ្យរុស្ស៊ីធានាឱ្យបានថាកម្លាំងដទៃដែលស្ថិតនៅក្រោមគ្រប់គ្រង ឬទទួលបានការគំាទ្រពីទីក្រុងម៉ូស្គូ ក៏ត្រូវបញ្ឈប់សកម្មភាពយោធាផងដែរ។

គួរបញ្ជាក់ថា ទោះបីជាសេចក្ដីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) មានលក្ខណៈចាប់បង្ខំឱ្យអនុវត្តតាមក៏ដោយ តែកន្លងមកក៏មានប្រទេសមួយចំនួនបដិសេធ ឬកម្រនឹងមានអ្នកអនុវត្តតាមណាស់ ហើយប្រទេសដែលជំទាស់នឹងសេចក្ដីបង្គាប់ចេញដោយតុលាការអន្តរជាតិមួយនេះ អាចលើកយកសំណុំរឿងនេះទៅនិយាយនៅឯក្រុមប្រឹក្សាសន្តិសុខ UN ជាទីដែលរុស្ស៊ីមានសិទ្ធិអំណាចវ៉េតូស្រាប់៕