(សេអ៊ូល)៖ នាថ្ងៃព្រហស្បតិ៍នេះ កូរ៉េខាងត្បូងបានបំបែកកំណត់ត្រាថ្មីមួយទៀត ជាមួយករណីឆ្លង COVID-19 ប្រចាំថ្ងៃច្រើនជាង ៦០០,០០០នាក់ ដោយសារតែវីរុសបំប្លែងថ្មី Omicron ចំពោះមុខការបន្ធូរបន្ថយវិធានការរឹតត្បិត។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Yonhap នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែមីនា ឆ្នាំ២០២២។

ទីភ្នាក់ងារគ្រប់គ្រងនិងបង្ការជំងឺ KDCA របស់កូរ៉េខាងត្បូង បានរាយការណ៍ថា ករណីឆ្លងថ្មីៗចំនួន ៦២១,៣២៨នាក់ បន្ថែមទៀត ត្រូវបានរាយការណ៍ ក្នុងនោះមានតែ ៦២នាក់ប៉ុណ្ណោះ ជាករណីនាំចូលពីក្រៅប្រទេស។ ប្រការនេះនាំឱ្យករណីឆ្លងសរុបនៃ COVID-19 នៅទូទាំងប្រទេសកូរ៉េខាងត្បូង កើនដល់ ៨,២៥០,៥៩២នាក់។

ក្នុងថ្ងៃដដែលនេះ កូរ៉េខាងត្បូងក៏បានរាយការណ៍ពី ករណីស្លាប់ថ្មីច្រើនបំផុតផងដែរគឺ ៤២៩នាក់ នាំឱ្យចំនួនអ្នកជំងឺស្លាប់សរុបកើនដល់ ១១,៤៨១នាក់។ កូរ៉េខាងត្បូងបានមើលឃើញ ការកើនឡើងខ្លាំងនៃករណីឆ្លងប្រចាំថ្ងៃ ចាប់តាំងពីខ្លួនបានរាយការណ៍តួលេខ៥ខ្ទង់ ជាលើកដំបូង កាលពីចុងខែមករា ឆ្នាំនេះ ហើយចាប់តាំងពីនោះមក ករណីឆ្លងប្រចាំថ្ងៃកើនបន្តកើនយ៉ាងឆាប់រហ័សបំផុត ដោយឡើងលើស៣០០,០០០នាក់ ជាលើកដំបូង នៅថ្ងៃទី០៩ ខែមីនា។

គួរបញ្ជាក់ថា ការកើនឡើងនេះគឺស្របពេលដែល ប្រទេសកូរ៉េខាងត្បូងបាននិងកំពុង ព្យាយាមបន្ធូរបន្ថយវិធានការរឹតត្បិត ដើម្បីត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ។ មកទល់ឥឡូវ មនុស្ស៣២.២១លាននាក់ ក្នុងចំណោមប្រជាជនកូរ៉េខាងត្បូង ៥២លាននាក់ ឬស្មើនឹង៦២.៨ភាគរយ បានចាក់វ៉ាក់សាំងដូសជំរុញ ខណៈអ្នកទទួលបានការចាក់វ៉ាក់សាំងពេញលេញ មានចំនួន៤៤.៤៤លាននាក់ ឬស្មើនឹង៨៦.៦ភាគរយ នៃចំនួនប្រជាជនសរុប៕