(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បាននិយាយថាប្រទេសរបស់លោកនឹងសម្រេចឱ្យបាននូវគោលដៅរបស់ខ្លួននៅក្នុងប្រទេស អ៊ុយក្រែន ហើយនឹងមិនចុះញ៉មឡើយចំពោះអ្វីដែលលោកហៅថាជាការប៉ុនប៉ងរបស់លោកខាងលិចក្នុងការត្រួតត្រា និងបំបែកបំបាក់រុស្ស៊ី។ នេះ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែមីនា ឆ្នាំ២០២២។

លោក ពូទីន ធ្វើការកត់សម្គាល់បែបនេះនៅក្នុងសុន្ទរកថាមួយទៅកាន់គណៈរដ្ឋមន្ត្រីនៃរដ្ឋាភិបាលទីក្រុងម៉ូស្គូ នៅថ្ងៃពុធសប្ដាហ៍នេះ។ ថ្លែងនា ឱកាសនោះ ប្រធានាធិបតីរុស្ស៊ីរូបនេះក៏បានទទួលស្គាល់ផងដែរពីផលប៉ះពាល់បង្កឡើងទណ្ឌកម្មលោកខាងលិច ប៉ុន្តែថារុស្ស៊ីនឹងតស៊ូហែលឆ្លង ពេលវេលាដ៏លំបាកនេះ។ លោកបន្ថែមទៀតថា បណ្ដាប្រទេសលោកខាងលិចចង់ធ្វើឱ្យរុស្ស៊ីក្លាយជាប្រទេសចំណុះមួយដ៏ទន់ខ្សោយ, បំពានបូរណភាពទឹកដីរុស្ស៊ី និងចង់បំបែកបាក់រុស្ស៊ី។

គួរបញ្ជាក់ថា បើតាមលោក ពូទីន រុស្ស៊ីត្រៀមខ្លួនជាស្រេចដើម្បីពិភាក្សាពីលក្ខខន្តិកៈអព្យាក្រឹតរបស់អ៊ុយក្រែន ខណៈសង្រ្គាមបានឈានចូលដល់ សប្ដាហ៍ទី៣ ដោយផ្ដាច់ជីវិតមនុស្សរាប់ពាន់នាក់នៃភាគីជម្លោះ ហើយបង្ខំឱ្យប្រជាជនអ៊ុយក្រែនរត់ភៀសខ្លួនទៅក្រៅប្រទេស ឬពីផ្ទះសម្បែងដើម្បី គេចចេញពីសង្រ្គាម៕