(វ៉ាស៊ីនតោន)៖ នាយករដ្ឋមន្ត្រីអៀរឡង់ លោក ម៉ៃឃើល ម៉ាទីន (Micheal Martin) ត្រូវបានគេរាយការណ៍ថាបានតេស្ដវិជ្ជមាន COVID-19 កាលពីថ្ងៃពុធសប្ដាហ៍នេះ និងបានចាកចេញភ្លាមៗពីព្រឹត្តិការណ៍មួយរៀបចំឡើងដោយមូលនិធិ Ireland Funds Gala ជាទីដែលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានចូលរួមថ្លែងសុន្ទរកថាដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែមីនា ឆ្នាំ២០២២។

លោក ម៉ាទីន កំពុងស្ថិតនៅក្នុងទីក្រុងវ៉ាស៊ីនតោន ដើម្បីចូលរួមក្នុងទិវា St. Patrick’s Day ហើយលោកក៏ត្រូវបានគេរំពឹងផងដែរថានឹងជួបពិភាក្សា ការងារជាមួយលោក ចូ បៃដិន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ នៅឯសេតវិមាន។

គួរបញ្ជាក់ថា បើតាមសេតវិមាន លោក ចូ បៃដិន មិនបានប៉ះពាល់ដោយផ្ទាល់ជាមួយលោក ម៉ាទីនឡើយ ហើយក៏មិនទាន់មានការបញ្ជាក់ថាតើ ការតេស្ដវិជ្ជមាន COVID-19 របស់លោក ម៉ាទីន អាចនឹងប៉ះពាល់ដល់កិច្ចពិភាក្សាជាមួយលោក បៃដិន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដែរឬក៏ យ៉ាងណានោះដែរ៕