(ម៉ានីល)៖ ធនាគារអភិវឌ្ឍអាស៊ី (ADB) នៅថ្ងៃពុធនេះបានឱ្យដឹងថាជំងឺឆ្លងរាតត្បាតសកល COVID-19 បានធ្វើឱ្យប្រជាជន ៤.៧លាននាក់ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ រស់នៅក្រោម «បន្ទាត់ភាពក្រីក្រ» កាលពីឆ្នាំ២០២១ ដែលនេះបានធ្វើឱ្យប៉ះពាល់ដល់កិច្ចខំប្រឹងប្រែងប្រយុទ្ធប្រឆាំង ភាពក្រីក្រ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៦ ខែមីនា ឆ្នាំ២០២២។

នៅរបាយការណ៍របស់ខ្លួន ADB បានបញ្ជាក់ថាចំនួនប្រជាជនរស់នៅក្រោមបន្ទាត់ភាពក្រីក្រ គឺត្រូវបានកំណត់លើអ្នកដែលរកបានប្រាក់ចំណូល ១.៩០ដុល្លារក្នុងមួយថ្ងៃ ដោយមានចំនួន ២៤.៣លាននាក់កាលពីឆ្នាំ២០២១ ឬស្មើនឹង៣.៧ភាគរយនៃប្រជាជនសរុប ៦៥០លាននាក់នៃតំបន់ អាស៊ីអាគ្នេយ៍។ ព្រមពេលជាមួយគ្នា ADB ក៏បានអំពាវនាវផងដែរឱ្យបណ្ដារដ្ឋាភិបាលនៅក្នុងតំបន់ចាត់វិធានការចាំបាច់នានា ដើម្បីជំរុញកំណើន សេដ្ឋកិច្ច។

គួរបញ្ជាក់ថា បើតាម ADB នៅមុនផ្ទុះCOVID-19, តួលេខប្រជាជនរស់នៅក្រោមបន្ទាត់ភាពក្រីក្រ នៅក្នុងតំបន់អាស៊ីមានការថយចុះគួរឱ្យកត់សម្គាល់ ដោយមានប្រជាជន ១៤.៩លាននាក់ រស់នៅក្រោមបន្ទាត់ភាពក្រីក្រកាលពីឆ្នាំ២០១៩ ធៀបទៅនឹង១៨លាននាក់កាលពីឆ្នាំ២០១៨ និង ២១.២លាននាក់កាលពីឆ្នាំ២០១៧៕