(សេអ៊ូល)៖ បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសជប៉ុន នៅថ្ងៃពុធនេះបានរាយការណ៍ពី ការធ្វើតេស្តមីស៉ីលបាលីស្ទីគមួយគ្រាប់ ដោយកូរ៉េខាងជើង យោធារបស់ប្រទេសកូរ៉េខាងត្បូងបានអះអាងថា ការធ្វើតេស្តមីស៉ីលនោះទំនងជាទទួលបរាជ័យភ្លាមៗ ក្រោយបាញ់បង្ហោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៦ ខែមីនា ឆ្នាំ២០២២។

យោធាកូរ៉េខាងត្បូងបាននិយាយថា មីស៉ីលខាងលើត្រូវបានបាញ់ចេញពី មូលដ្ឋានមួយកន្លែងស្ថិតនៅជាយរដ្ឋធានីព្យុងយ៉ាងរបស់កូរ៉េខាងជើង ហើយវាត្រូវបានសន្និដ្ឋានថា ទទួលបរាជ័យភ្លាមៗ ក្រោយការបាញ់តេស្ត។ ខណៈកូរ៉េខាងត្បូងមិនបានបញ្ជាក់ពី ប្រភេទមីស៉ីលកូរ៉េខាងជើងឡើយនោះ ប្រព័ន្ធផ្សព្វផ្សាយជប៉ុន NHK ដែលយោងតាមប្រភពពីក្រសួងការពារជាតិជប៉ុន បានរាយការណ៍ថា វាទំនងជាមីស៉ីលបាលីស្ទីគ។

ថ្មីៗនេះ សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង បានព្រមានថា កូរ៉េខាងជើងប្រហែលជា កំពុងត្រៀមរៀបចំខ្លួនដើម្បីបាញ់តេស្តមីស៉ីលបាលីស្ទីគអន្តរទ្វីប ICBM ពេញលេញឡើងវិញ ជាលើកដំបូង គិតចាប់តាំងពីឆ្នាំ២០១៧មក។ ក្នុងឆ្នាំនេះ កូរ៉េខាងជើងបានបាញ់តេស្តមីស៉ីលយ៉ាងញឹកញាប់បំផុត ដោយការធ្វើតេស្តលើកទី៩របស់ខ្លួន ត្រូវបានធ្វើឡើងកាលពីថ្ងៃទី០៥ ខែមីនា៕