(ហ្សឺណែវ)៖ ការិយាល័យឧត្តមស្នងការទទួលបន្ទុកជនភៀសខ្លួន នៃអង្គការសហប្រជាជាតិ បានឲ្យដឹងថាជនភៀសខ្លួនអ៊ុយក្រែនជាង ៣លាននាក់ បានទៅដល់បណ្ដាប្រទេសជិតខាងអ៊ុយក្រែន ចាប់តាំងពីសង្រ្គាមជាមួយរុស្ស៊ីផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈមក។ នេះបើយោង តាមការចុះផ្សាយរបស់សារព័ត៌មានរុស្ស៊ី Tass នៅថ្ងៃពុធ ទី១៦ ខែមីនា ឆ្នាំ២០២២។

យោងតាមទីភ្នាក់ងារ UN មួយនេះ, តួលេខអ្នកដែលបានភៀសខ្លួនចេញពីអ៊ុយក្រែន ចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈដល់ថ្ងៃទី១៥ ខែមីនា បានកើនឡើងដល់ ៣,០០០,៣៨១នាក់។ ក្នុងនោះមនុស្សសរុប ១,៨៣០,៧១១នាក់ បានចេញទៅកាន់ប្រទេសប៉ូឡូញ, ៤៥៩.៤៨៥នាក់ ទៅប្រទេសរូម៉ានី, ៣៣៧,៣១៥នាក់ ទៅប្រទេសម៉ុលដាវី, និង ២៦៧,៥៧០ចេញទៅកាន់ប្រទេសហុងគ្រី។

គួរបញ្ជាក់ថា សង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន បានឈានចូលដល់សប្តាហ៍ទី៣ ខណៈដែលការចរចាក៏បានឈានដល់ជុំទី៤ផងដែរ។ កិច្ចចរចា ប៉ុន្មានលើកមកនេះ រវាងទីក្រុងកៀវ និងទីក្រុងមូស្គូ មកទល់ពេលនេះទទួលបានផ្តល់លទ្ធផលតិចតួចស្តួចស្តើងប៉ុណ្ណោះក្រៅតែពីការបង្កើតច្រក របៀងមនុស្សធម៌ ដើម្បីជម្លៀសប្រជាជនចេញពីទីក្រុងរបស់អ៊ុយក្រែនមួយចំនួន ដែលរងការវាយប្រហារធ្ងន់ធ្ងរពីសំណាក់យោធារុស្ស៉ី៕