(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ត្រូវបានគេរំពឹងថានឹងប្រកាសផ្ដល់ជំនួយយោធាបន្ថែមចំនួន ៨០០លានដុល្លារ ដល់អ៊ុយក្រែន ដែលកំពុងប្រយុទ្ធតស៊ូជាមួយកងទ័ពរុស្ស៊ី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃពុធ ទី១៦ ខែមីនា ឆ្នាំ២០២២។

ការប្រកាសផ្ដល់ជំនួយយោធាខាងលើ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃពុធនេះ នឹងធ្វើឱ្យជំនួយដែលសហរដ្ឋអាមេរិកសន្យាផ្ដល់ឱ្យអ៊ុយក្រែន កើនដល់ ១ពាន់លានដុល្លារ និង២ពាន់លានដុល្លារ ចាប់តាំងពីលោក ចូ បៃដិន ស្បថឡើងកាន់តំណែងជាប្រធានាធិបតី កាលពីខែមករា ឆ្នាំ២០២១មក។

ដោយឡែក បើតាមសេតវិមាន, កញ្ចប់ជំនួយយោធាខាងលើក្នុងនោះរួមមានទាំងមីស៊ីលប្រឆាំងរថក្រោះ។ ប៉ុន្តែ មកទល់ម៉ោងនេះ រដ្ឋបាលលោក បៃដិន នៅតែប្រកាន់ជំហរជំទាស់ទៅនឹងការស្នើបង្កើតតំបន់គ្មានការហោះហើរក្នុងប្រទេសអ៊ុយក្រែនពីសំណាក់លោក ហ្សេលេនស្គី ដែលយល់ថា វាជារឿងចាំបាច់ដើម្បីទប់ស្កាត់ការទម្លាក់គ្រាប់បែករបស់រុស្ស៊ី។

គួរបញ្ជាក់ថា ទាំងអង្គការ NATO និងសហរដ្ឋអាមេរិកធ្លាប់បាននិយាយថាការបង្កើតតំបន់គ្មានការហោះហើរនៅក្នុងប្រទេសអ៊ុយក្រែន អាចនឹងបង្ក ជាជម្លោះដោយផ្ទាល់ជាមួយរុស្ស៊ី ដែលនេះជាហានិភ័យនៃការផ្ទុះសង្រ្គាមលោក។ តែ ទីក្រុងវ៉ាស៊ីនតោនព្រមានថាខ្លួននឹងចាត់វិធានការភ្លាមៗ ដើម្បីការពារដែនដី NATO មិនឱ្យបាត់សូម្បីមួយចំអាម៕