(តូក្យូ)៖ កូរ៉េខាងជើង នៅថ្ងៃពុធនេះបានបាញ់សាកល្បងអាវុធមួយដែលទំនងជាមីស៊ីលបាលិស្ទីគមួយគ្រាប់ នៅចំពោះការព្រមានថារបបដឹកនាំ លោក គីម ជុងអ៊ុន អាចនឹងធ្វើតេស្ដអាវុធនុយក្លេអ៊ែរ ឬមីស៊ីលបាលិស្ទីគអន្តរទ្វីបឡើងវិញ។ នេះបើតាមទូរទស្សន៍ជប៉ុន NHK នៅថ្ងៃពុធ ទី១៦ ខែមីនា ឆ្នាំ២០២២។

ទូរទស្សន៍ NHK ធ្វើសេចក្ដីរាយការណ៍ខាងលើដោយលើប្រភពបានមកពីក្រសួងការពារជាតិជប៉ុន។ ប៉ុន្តែ ភ្លាមៗមិនទាន់មានការបញ្ជាក់ថាតើ អាវុធដែលកូរ៉េខាងជើងធ្វើតេស្ដនៅព្រឹកនេះជាមីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM ឬទីតាំងនៃការបាញ់សាកល្បងនេះ ឬក៏យ៉ាងណានោះទេ ។

ប្រសិនបើការធ្វើតេស្ដនេះត្រូវបានកូរ៉េខាងជើងទទួលស្គាល់ នោះវានឹងក្លាយជាការធ្វើតេស្ដអាវុធលើកទី១០ គិតចាប់តាំងពីខែមករា ដើមឆ្នាំ២០២២នេះមក៕