(កៀវ)៖ អភិបាលក្រុងកៀវ លោក Vitali Klitschko បាននិយាយថា ក្រុងកៀវនឹងដាក់បម្រាមគោចររយៈពេល ៣៦ម៉ោង ដោយចាប់ផ្តើមពីថ្ងៃអង្គារ ទី១៥ មីនានេះ ចំពេលមានពេលវេលាដ៏លំបាក និងគ្រោះថ្នាក់ បន្ទាប់ពីការវាយប្រហាររបស់រុស្ស៊ីជាច្រើនលើក។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៥ ខែមីនា ឆ្នាំ២០២២។

សេចក្តីប្រកាសនេះបានធ្វើឡើងនៅពេលដែលរុស្ស៊ីបានចាប់ផ្តើមការវាយប្រហារថ្មីលើរដ្ឋធានីអ៊ុយក្រែន ដែលជិតឡោមព័ទ្ធដោយកងកម្លាំងរុស្ស៊ីនៅក្នុងសប្តាហ៍ទីបីនៃការលុកលុយ។

អតីតជើងឯកប្រដាល់ លោក Klitschko បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅក្នុង Telegram ថា «ថ្ងៃនេះគឺជាពេលវេលាដ៏លំបាក និងគ្រោះថ្នាក់...ហើយនេះជាមូលហេតុដែលខ្ញុំស្នើឱ្យអ្នកស្រុកកៀវទាំងអស់ស្នាក់នៅតែក្នុងផ្ទះរយៈពេលពីរថ្ងៃ ឬនៅក្នុងជម្រកការពារប្រសិនបើសម្លេងស៊ីរ៉ែនពន្លឺឡើង»

អភិបាលក្រុងកៀវបានគូសបញ្ជាក់ថា បម្រាមគោចរដែលនឹងចាប់ពីម៉ោង ៨យប់ថ្ងៃអង្គារ រហូតដល់ម៉ោង ៧ព្រឹកថ្ងៃព្រហស្បតិ៍ គឺជា «ការសម្រេចចិត្តរបស់បញ្ជាការយោធា»

គួរបញ្ជាក់ថា វិធានការនេះវាកើតឡើងនៅពេលដែលនាយករដ្ឋមន្ត្រីប៉ូឡូញ ឆេក និងស្លូវេនីកំពុងធ្វើដំណើរទៅកាន់ទីក្រុងកៀវតាមរថភ្លើងនៅថ្ងៃអង្គារនេះ ក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់មេដឹកនាំបរទេសទៅកាន់រដ្ឋធានីកៀវ បង្ហាញការគាំទ្រដល់អ៊ុយក្រែន៕