(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃអង្គារនេះបានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ចំនួន១៧៥,៤៨០ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារពត៌មាន Viet Nam News នៅយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២។

រដ្ឋធានីហាណូយដែលបច្ចុប្បន្នកំពុងប្រែក្លាយជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលជំងឺនេះ បានរ៉ាប់រងសម្រាប់ករណីឆ្លងថ្មីថ្ងៃនេះចំនួន២៦,៧០៨ករណី ខណៈហូជីមិញបានរាយការណ៍ ចំនួន២,២៤៦ករណី។ ចំណែកខេត្តដែលមានករណីឆ្លងច្រើនដែរនោះគឺរួមមានដូចជា ខេត្ត Nghệ An មានចំនួន១០,៧៥២ករណី, ខេត្ត Phú Thọ ៩,០៦២ករណី និងខេត្ត Hải Dương ៥,៤៦៤ករណី។

ក្នុងរបាយការណ៍ថ្ងៃអង្គារនេះដែរក្រសួងសុខាភិបាលវៀតណាម ក៏បានប្រកាសពីករណីអ្នកស្លាប់ថ្មីដោយសារជំងឺកូវីដ១៩ចំនួន៦៨នាក់បន្ថែមទៀតផងដែរ។

សរុបមកវិញ គិតត្រឹមថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន៦,៥៥២,៩១៨នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៣,៣៨៣,១៤២នាក់ ចំណែកអ្នកស្លាប់សរុបនៅត្រឹមចំនួន៤១,៥៤៥នាក់៕