(អ៉ីស្លាម៉ាបាដ)៖ រដ្ឋមន្រ្តីការបរទេសប៉ាគីស្ថាន លោក សាស់ ម៉ូហូដ គូរ៉េស៊ី (Shah Mohood Qureshi) បាននិយាយនៅថ្ងៃអង្គារនេះថា ទីក្រុងអ៉ីស្លាម៉ាបាដ បានច្រានចោលសេចក្តីថ្លែងការណ៍របស់រដ្ឋមន្រ្តីការពារជាតិឥណ្ឌា ដែលបានលើកឡើងថាការបាញ់មីស៊ីលចូលទឹកដី ប៉ាគីស្ថានគឺជាគ្រោះថ្នាក់ចៃដន្យបង្កឡើងដោយភ័ន្តច្រឡំ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៥ ខែមីនា ឆ្នាំ២០២២។

លោក គូរ៉េស៊ី បានប្រាប់អ្នកកាសែតថា សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិឥណ្ឌា «មិនមានលក្ខណៈពេញលេញ» ហើយលោកបាន សរសេរលិខិតទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអំពីបញ្ហានេះ និងបានស្នើឲ្យសហគមន៍អន្តរជាតិជួយដោះស្រាយ។

គួរបញ្ជាក់ថា រដ្ឋាភិបាលឥណ្ឌា បានចេញសេចក្តីថ្លែងការណ៍ផ្លូវការ ដោយសុំទោសចំពោះការច្រឡំបាញ់មីស៊ីលចូលទឹកដីប៉ាគីស្ថាន កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន និងបានផ្តល់ការបកស្រាយថាដោយសារតែបញ្ហាបច្ចេកទេស។ ក្រោយការត្រួតពិនិត្យជាបឋម ប៉ាគីស្ថាន សង្ស័យថា វត្ថុនោះជាមីស៊ីលល្បឿនលឿនជាងសំឡេងប្រភេទបាញ់ចេញពីផ្ទៃអាកាសទៅកាន់ផ្ទៃអាកាស តែមិនត្រូវបានកំណត់ឱ្យផ្ទុះឡើយ។

ទីក្រុងអ៉ីស្លាម៉ាបាដ បានព្រមានឥណ្ឌាពីផលវិបាក និងទទូចឱ្យចាត់វិធានការដើម្បីបញ្ចៀសហេតុការណ៍បែបនេះ នាពេលអនាគត ហើយទាមទារ ឱ្យមានការបកស្រាយច្បាស់លាស់ពេញលេញពីទីក្រុងញូដេលី៕