(ប៉េកាំង)៖ មនុស្សសរុបប្រមាណ៥១លាននាក់ នៅក្នុងប្រទេសចិន ត្រូវបានបញ្ជាឲ្យស្នាក់នៅក្នុងផ្ទះ ខណៈដែលករណីឆ្លង

កូវីដ១៩ នៅតែបន្តកើនឡើង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃអង្គារ ទី១៥ ខែមីនា ឆ្នាំ២០២២។
ប្រជាជនប្រហែល២៤លាននាក់ នៅខេត្ត ជីលីន (Jilin), ១៧.៥លាននាក់នៅទីក្រុង ស៊ិនជិន (Shenzhen), និង១០លាននាក់ នៅទីក្រុងដុងហ្គ័ណ (Dongguan) ត្រូវបានដាក់ឲ្យស្ថិតក្រោមវិធានការបិទខ្ទប់យ៉ាងតឹងរ៉ឹង និងត្រូវអនុវត្តចត្តាឡីស័កជាកាតព្វកិច្ច បន្ទាប់ពីប្រទេសចិន បានកត់ត្រាពីករណីឆ្លងកូវីដ១៩ ខ្ពស់បំផុត ពុំធ្លាប់មានគិតចាប់តាំងពីការរាតត្បាតឡើងដំបូងនៃ COVID-19។

ចាប់តាំងពីការរាលដាលនៅកំលុងដើមឆ្នាំ២០២០ ករណីឆ្លងដែលត្រូវបានរាយការណ៍ប្រចាំថ្ងៃនៅចិន ពេលខ្លះស្ថិតនៅត្រឹម១ខ្ទង់ ប៉ុណ្ណោះ ខណៈនៅចំណុចផ្ទុះឡើងខ្លាំងបំផុត តួលេខកម្រនឹងហក់ខ្ពស់លើសពីប៉ុន្មានរយនាក់ណាស់។ បើទោះបីជាយ៉ាងណា ក្នុងខែមីនានេះ ករណីឆ្លងបានកើនឡើងយ៉ាងគំហុក ដោយសារតែវីរុសបំប្លែងថ្មី Omicron។ នៅថ្ងៃអង្គារនេះ អាជ្ញាធរចិនបានរាយការណ៍ពី ករណីឆ្លងថ្មីៗនៅទូទាំងប្រទេសចិនចំនួន ៥,២៨០នាក់។

គួរបញ្ជាក់ថា ប្រទេសចិនមិនធ្លាប់កត់ត្រាចំនួនករណីឆ្លងខ្ពស់បែបនេះទេ គិតចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២០ នៅពេលដែលការរាលដាល COVID-19 ស្ថិតនៅចំណុចកំពូលក្នុងប្រទេសចិន ហើយបានក្លាយជាជំងឺរាតត្បាតជាសកល។ ស្របពេលដែលប្រទេសជាច្រើនទៀត បានដាក់ចេញនូវគោលករណ៍រៀនរស់ជាមួយកូវីដ, ចិននៅតែបន្តគោលជំហរយ៉ាងរឹងមាំ ក្នុងការប្រើប្រាស់យុទ្ធសាស្រ្ត «Zero Covid» គឺដើម្បីធ្វើឲ្យប្រទេសខ្លួនគ្មានជំងឺកូវីដ១៩ ឬមានករណីឆ្លងតិចតួចបំផុត៕