(ប្រាក)៖ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋឆែក, ប៉ូឡូញ និងស្លូវេនី បានធ្វើដំណើរតាមរថភ្លើងទៅកាន់រដ្ឋធានីកៀវនៅថ្ងៃអង្គារនេះ ដើម្បីបង្ហាញ ការគាំទ្រក្នុងនាមសហភាពអឺរ៉ុបដល់អ៊ុយក្រែន ហើយធ្វើឱ្យពួកគេក្លាយជាមេដឹកនាំបរទេសដំបូងបំផុតដែលបានបំពេញទស្សនកិច្ចមកកាន់ រដ្ឋធានីរបស់អ៊ុយក្រែន ចាប់តាំងពីសង្រ្គាមផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈមក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៥ ខែមីនា ឆ្នាំ២០២២។

នៅក្នុងសារមួយបង្ហោះលើ Facebook នាយករដ្ឋមន្ត្រីប៉ូឡូញ លោក ម៉ាតើស ម៉ូរ៉ាវិចគី (Mateusz Morawiecki) បានឱ្យដឹងថាដំណើរទស្សនកិច្ច ខាងលើធ្វើឡើងនៅចំពេលដែលសង្រ្គាមអ៊ុយក្រែន បានឈានចូលដល់ថ្ងៃទី២០ហើយ ខណៈរុស្ស៊ីនៅតែបន្តបង្កើនការវាយប្រហារ។ ដោយឡែក បើតាមមន្ត្រីប៉ូឡូញ មេដឹកនាំប្រទេសអឺរ៉ុបទាំង៣រូបបានធ្វើដំណើរឆ្លងព្រំដែនប៉ូឡូញ-អ៊ុយក្រែន តាមរយៈរថភ្លើងឆ្ពោះទៅកាន់ទីក្រុងកៀវ នៅក្រោយម៉ោង ៨៖០០នាទីព្រឹក ថ្ងៃអង្គារនេះ (ម៉ោងក្នុងតំបន់)។

គួរបញ្ជាក់ថា គំនិតបំពេញទស្សនកិច្ចរបស់មេដឹកនាំប្រទេសអឺរ៉ុបទាំង៣រូប ទទួលបានការឯកភាពនៅកិច្ចប្រជុំកំពូលមួយក្នុងទីក្រុងវែរសៃ (Versailles) ប្រទេសបារាំង កាលពីសប្ដាហ៍មុន៕