(ប៉េកាំង)៖ មន្ត្រីជាន់ខ្ពស់នៃរាជបណ្ឌិតសភាកម្ពុជាបានតាមដានឃើញថា មហាសន្និបាតសភាទាំងពីរនៃប្រទេសចិន បានកំពុងប្រព្រឹត្តទៅ នាដើមខែមីនា ២០២២ មានការលើកយកប្រធានបទសំខាន់ៗជាច្រើនមកពិភាក្សា ក្នុងនោះ ការប្រយុទ្ធប្រឆាំងអំពើពុករលួយ ការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ការជំរុញកំណើនសេដ្ឋកិច្ច ព្រមទាំង គំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងផ្លូវ នៅតែជាប្រធានបទដ៏មានសារៈសំខាន់ ក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់សភានៃប្រទេសចិននេះ។

មានប្រសាសន៍ប្រាប់វិទ្យុមិត្តភាពកម្ពុជា-ចិន តាមទូរស័ព្ទ នាពេលថ្មីៗនេះ ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជាយល់ឃើញថា មហាសន្និបាតសភាទាំងពីរ នៃប្រទេសចិននៅឆ្នាំនេះ នៅតែលើកយកប្រធានបទក្តៅ ទាក់ទងនឹងការប្រយុទ្ធប្រឆាំងអំពើពុករលួយ ការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ និងជំរុញកំណើនសេដ្ឋកិច្ច ព្រមទាំង ការពង្រីកវិសាលភាពនៃគំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងផ្លូវ ដែលសុទ្ធតែជាចំណុចអាទិភាព យកមកពិភាក្សា ជាពិសេស ក្នុងការដឹកនាំប្រទេសរបស់លោក ប្រធានរដ្ឋចិន ស៊ី ជីនភីង។

ឯកឧត្តមក៏សង្កេតឃើញថា ការដឹកនាំរបស់លោកប្រធានរដ្ឋចិន ទទួលបានជោគជ័យគួរឲ្យកត់សម្គាល់ ជាគំរូមួយដែលពិភពលោកគួររៀនសូត្រ ពីព្រោះថា ចាប់តាំងពីលោកស៊ី បានឡើងកាន់តំណែងជាប្រធានរដ្ឋចិន មានការលុបបំបាត់ភាពក្រីក្រច្រើន សម្រាប់ប្រជាជនចិន ជាពិសេស ប្រជាជនដែលមានវណ្ណៈថ្នាក់ក្រោម ឡើងមកដល់ថ្នាក់កណ្តាល ហើយថ្នាក់កណ្តាលមានការកើនឡើងច្រើន រីឯទំហំពាណិជ្ជកម្មរបស់ប្រទេសចិន មានការកើនឡើងខ្លាំងណាស់ អាចវាយតម្លៃបានថា ជាជោគជ័យហើយជោគជ័យនេះ បានមកពីគោលនយោបាយប្រឆាំងនឹងអំពើពុករលួយ របស់លោកប្រធានរដ្ឋចិន ដែលអនុវត្តយ៉ាងមានប្រសិទ្ធភាព។

ឯកឧត្តមបន្តទៀតថា គំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងផ្លូវ ក៏ជាប្រធានក្តៅផងដែរ ក្នុងមហាសន្និបាតនេះ។ ឯកឧត្តមវាយតម្លៃខ្ពស់ថា គំនិតផ្តួចផ្តើមនេះ គឺជាយុទ្ធសាស្ត្រដ៏សំខាន់ មិនត្រឹមតែសម្រាប់កំណើនសេដ្ឋកិច្ចផ្ទៃក្នុងរបស់ចិន ក៏ប៉ុន្តែ ក៏ជាក្បាលម៉ាស៊ីនរថភ្លើងអូសសេដ្ឋកិច្ចពិភពលោកផងដែរ ពីព្រោះថា គំនិតផ្តួចផ្តើមនេះ បានក្លាយទៅជាយន្តការដ៏សំខាន់មួយ សម្រាប់ចាក់បញ្ជូលកំណើនសេដ្ឋកិច្ចពិភពលោក។ ជាមួយគ្នានេះ កម្ពុជាក៏សង្ឃឹមថា តាមរយៈគំនិតផ្តួចផ្តើមនេះ កម្ពុជានឹងទទួលបានផលប្រយោជន៍ផ្លែផ្កា ពីគំនិតផ្តួចផ្តើមដ៏សំខាន់មួយនេះបន្ថែមទៀត ដោយយើងដឹងថា តាមរយៈគំនិតផ្តួចផ្តើមនេះ កម្ពុជាក៏បានទទួលបានលទ្ធផលជាក់ស្តែងរួចមកហើយ តាមរយៈការវិនិយោគផ្សេងៗ របស់ចិនមកកាន់កម្ពុជា តាមរយៈ ជំនួយអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ពន្ធរូបវ័ន្ត សំខាន់ៗដូចជា ផ្លូវ អាកាសយានដ្ឋាន កំពង់ផែ វារីអគ្គិសនី ជាដើម សុទ្ធតែជាសូចនាករសំខាន់ សម្រាប់វាស់វែងផលប្រយោជន៍ដែលកម្ពុជាទទួលបាន គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវរបស់ប្រទេសចិន ហើយក៏សង្ឃឹមថា គំនិតផ្តួចផ្តើមនេះនឹងបានជាប្រយោជន៍សម្រាប់ប្រទេសនានា ជាច្រើនទៀត ជាពិសេស ក្នុងបរិបទនៃការស្តារសេដ្ឋកិច្ចឡើងវិញ ពីវិបត្តិកូវីដ ដោយគេទទួលស្គាល់ជាទូទៅថា ចិនបានដើរតួនាទីយ៉ាងមានសារៈសំខាន់ក្នុងការជំរុញកំណើន ការស្តារសេដ្ឋកិច្ចឡើងវិញ ជាពិសេស ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ តាមរយៈការផ្តល់វ៉ាក់សាំងយ៉ាងច្រើនសន្ធឹកសន្ធាប់ ដល់បណ្តាប្រទេសនានា ជុំវិញពិភពលោក។

ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញដែរថា ប្រធានបទទាក់ទងនឹងភូមិសាស្ត្រនយោបាយ ក្នុងតំបន់ក៏ជាចំណុចអាទិភាព ក្នុងមហាសន្និបាតសភាទាំងពីរ របស់ប្រទេសចិនផងដែរ៕

(វិទ្យុមិត្តភាពកម្ពុជា-ចិន)