(ប៉េកាំង)៖ កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២ នៅក្នុងកិច្ចប្រជុំនៃសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន សមាជិក Yixidawa ដែលមកពីខេត្តស៊ីឈានប្រទេសចិន បាននាំមកព័ត៌មានថ្មីៗអំពី ភូមិនៅលើចំណោតភ្នំ។

ភូមិ Atulier នៅក្នុងភ្នំ Daliang នៅខេត្តស៊ីឈាន់ ដែលស្ថិតនៅលើចំណោតភ្នំ មានរយៈកម្ពស់ជាង១,៤០០ម៉ែត្រ វាត្រូវបានគេហៅថា «ភូមិនៅចំណោតភ្នំ» ជណ្ដើរផ្តៅចំនួន១៧ សំយុងចុះពីចំណោតភ្នំធ្លាប់ជា ផ្លូវតែមួយគត់សម្រាប់អ្នកភូមិតភ្ជាប់ជាមួយពិភពខាងក្រៅ។ នៅខែវិច្ឆិកា ឆ្នាំ២០១៦ ជណ្តើរផ្តៅនៅភូមិចំណោតភ្នំ បានក្លាយជាជណ្ដើរដែកថែប។ នៅខែឧសភា ឆ្នាំ២០២០ អ្នកភូមិចំនួន៨៤គ្រួសារ បានដើរចុះពីជណ្តើរដែកថែប ហើយបានផ្លាស់ទៅផ្ទះថ្មីនៅក្នុងស្រុក។

ការផ្លាស់ប្តូរនៃភូមិចំណោតភ្នំ គឺជាការលោតផ្លោះដ៏ធំមួយសម្រាប់ភូមិតូចមួយ ហើយវាក៏ជាត្រាសម្គាល់ក្នុងយុគសម័យ ដើម្បីពង្រឹងសមិទ្ធិផលនៃការពុះពារឧបសគ្គ ក្នុងការលុបបំបាត់ភាពក្រីក្រ និងជំរុញដោយរឹងមាំនូវការអភិវឌ្ឍជនបទ។

ចុងឆ្នាំ២០២០ ចំនួនប្រជាជនក្រីក្រនៅជនបទទាំងអស់ ៩៨,៩៩០,០០០នាក់ ក្រោមស្តង់ដារបច្ចុប្បន្នរបស់ប្រទេសចិន បានចាកចេញពីភាពក្រីក្រទាំងស្រុង។ ការកាត់បន្ថយភាពក្រីក្រមិនមែនជាទីបញ្ចប់ទេ ប៉ុន្តែជាចំណុចចាប់ផ្តើមនៃជីវិតរស់នៅថ្មី និងការតស៊ូថ្មី។ ឆ្នាំ២០២១ គឺជាឆ្នាំដំបូងក្នុងការពង្រឹងនិងពង្រីកសមិទ្ធិផលនៃការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍជនបទ ជាមួយនឹងវិធានការជាច្រើន ប្រាក់ចំណូលសុទ្ធគិតជាមធ្យមក្នុងមនុស្សម្នាក់ៗ សម្រាប់អ្នកចេញផុតពីភាពក្រីក្រទូទាំងប្រទេស កើនឡើងដល់ ១២,៥៥០យាន់ប្រាក់ចិន កើនឡើង១៦,៩% បើបៀបធៀបនឹងឆ្នាំមុន។

ទន្ទឹមនឹងនេះ ប្រទេសចិនអនុវត្តគំនិត «តម្កល់ប្រជាជនជាអាទិភាព តម្កល់អាយុជីវិតជាអាទិភាព» ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ចំគោលដៅតាមបែបវិទ្យាសាស្ត្រ។ ពេលសួរសុខទុក្ខសមាជិកនៃកិច្ចប្រជុំជា ក្រុមនៃសភាតំណាងប្រឹក្សានយោបាយប្រជាជន ទូទាំងប្រទេសចិន នាថ្ងៃទី៦ ខែមីនា លោក Xi Jinping មេដឹកនាំប្រទេសចិនបានគូសបញ្ជាក់ថា របបនយោបាយ និងប្រព័ន្ធគ្រប់គ្រងរបស់ប្រទេសចិន បានបង្ហាញពីឧត្តមភាពមួយកម្រិតថែមទៀត ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងការសម្រេចបាននូវយុទ្ធនាការពុះពារឧបសគ្គ ក្នុងការលុបបំបាត់ភាពក្រីក្រ។ ភាពផ្ទុយគ្នារវាង «អភិបាលកិច្ចរបស់ប្រទេសចិន» និង «ភាពវឹកវរលោកខាងលិច» កាន់តែដាច់ស្រឡះ។ ប្រឈមមុខនឹងស្ថានការណ៍អន្តរជាតិដ៏ស្មុគស្មាញ និងការលំបាកផ្សេងៗ ការអភិវឌ្ឍន៍របស់ចិន នៅតែពោរពេញដោយទំនុកចិត្ត៕