(ហ្សឺណែវ)៖ ប្រមុខអង្គការសុខភាពពិភពលោក WHO លោក តេត្រូស អាដាណម ហ្គេប្រេយ៉េស៊ូស (Tedros Adhanom Ghebreyesus) នៅថ្ងៃពុធ សប្តាហ៍នេះ បាននិយាយថាការឆ្លងរាតត្បាតនៃជំងឺ COVID-19 នៅតែស្ថិតនៅឆ្ងាយពីការបិទបញ្ចប់នៅឡើយ ហើយពាក្យមួយនេះលោកក៏ធ្លាប់បានលើកឡើងផងដែរកាលពីជាង ២ឆ្នាំមុន ដើម្បីដាស់ពិភពលោកឱ្យបង្កើនការប្រុងប្រយ័ត្ន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែមីនា ឆ្នាំ២០២២។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ លោក Tedros បានបញ្ជាក់ដូច្នេះថា «ពីរឆ្នាំក្រោយមក, មនុស្សច្រើនជាង ៦លាននាក់បានស្លាប់ ខណៈករណីឆ្លង មានជិត ៤៤៤លាននាក់ ត្រូវបានរាយការណ៍។ តែបើទោះបីជាករណីស្លាប់ដោយសារជំងឺកូវីដ១៩ ជាសកលបានធ្លាក់ចុះ ហើយប្រទេសមួយចំនួន បានដកការរឹតត្បិត ក៏ COVID-19 នៅមិនទាន់ទៅណាឆ្ងាយនោះទេ ហើយវានឹងរាលដាលទៅគ្រប់ទីកន្លែងដែលមិនទាន់បានទៅដល់»

គួរបញ្ជាក់ថា អង្គការ WHO បានប្រកាសចាត់ទុក COVID-19 ជាជំងឺឆ្លងរាតត្បាតសកល កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ និងបានប្រកាសភាពអាសន្ន ផ្នែកសុខភាពសារធារណៈ ហើយការព្រួយបារម្ភជាអន្តរជាតិបានហក់ឡើងដល់កម្រិតខ្ពស់បំផុត នៅក្នុងបទបញ្ញាតិ្តរបស់ទីភ្នាក់ងារសុខាភិបាលនៃអង្គការសហប្រជាជាតិមួយនេះ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០៕