(សេអ៊ូល)៖ បេក្ខជនអភិរក្សនិយមមកពីគណបក្សប្រឆាំង លោក យូន ស៊ុក យ៉ុល (Yoon Suk-yeol) បានទទួលជ័យជម្នះនៅក្នុងការបោះឆ្នោត ប្រធានាធិបតីកូរ៉េខាងត្បូង កាលពីថ្ងៃពុធសប្ដាហ៍នេះ ហើយគូប្រជែងរបស់លោកក៏បានទទួលស្គាល់ជ័យជម្នះរបស់លោកដែរ។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែមីនា ឆ្នាំ២០២២។

បើតាមការរាប់សន្លឹកឆ្នោតបាន ៩៨ភាគរយ, លោក យូន ទទួលបានសំឡេងគាំទ្រ ៤៨.៦ភាគរយ ខណៈគូប្រជែងមកពីគណបក្សកាន់អំណាចគឺ លោក លី ជេ ម្យុន (Lee Jae-myung) ទទួលបានសំឡេងគាំទ្រ ៤៧.៨ភាគរយ។ ព្រមពេលជាមួយគ្នា លោក លី ក៏បានទទួលស្គាល់បរាជ័យ ហើយចូលរួម អបអរសាទរដល់លោក យូន ផងដែរ។

គួរបញ្ជាក់ថា ក្រោយទទួលបានជ័យជម្នះ, លោក យូន ស៊ុក យ៉ុល បានសន្យាថាលោកនឹងតម្កល់ឯកភាពជាតិជាអាទិភាព ហើយនឹងដោះស្រាយបញ្ហា ជាមួយកូរ៉េខាងជើង តាមរយៈកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក និងជប៉ុន។ លោក យូន នឹងត្រូវឡើងកាន់តំណែងជាប្រធានាធិបតី កូរ៉េខាងត្បូងដោយមានអាណត្តិ ៥ឆ្នាំ ជំនួសលោក មូន ចេអ៉ីន នៅខែឧសភាខាងមុខនេះ៕