(ព្រុចសែល)៖ អង្គការសន្ធិសញ្ញាអាត្លង់ទិចខាងជើង ឬហៅកាត់ NATO ត្រូវបានគេចាត់ទុកថា ជាបក្សសម្ពន្ធយោធាធំបំផុតនៅលើពិភពលោក ប៉ុន្តែ តើអ្នកដឹងទេថាតើអំណាចរបស់ NATO បានមកពីណា? ហើយតើបក្សសម្ពន្ធយោធាមួយនេះមានកងទ័ពផ្ទាល់ខ្លួន ដែរឬទេ?

ជាការពិត NATO មិនមានកងទ័ពផ្ទាល់ខ្លួនឡើយ។ ពោលគឺទាំងចំនួនកងទ័ព និងកញ្ចប់ថវិកាយោធា គឺជាការចូលរួមចំណែករួមគ្នា និងអាស្រ័យ លើប្រទេសជាសមាជិកទាំង ៣០ប្រទេស ក្នុងនោះរួមមានទាំងសហរដ្ឋអាមេរិក, បារាំង និងចក្រភពអង់គ្លេសជាដើម..។

ជាឧទាហរណ៍៖ កងទ័ព NATO មានកងទ័ពសរុបជិត ៣.៥លាននាក់ ហើយក្នុងនោះកងទ័ពអាមេរិក មានច្រើនជាងគេ គឺជាង១.៤លាននាក់ ឬស្មើ នឹង៤១ភាគរយ នៃកងទ័ពសរុបនៅក្នុងបក្សសម្ពន្ធយោធាមួយនេះ។ នៅសល់ ៥៩ភាគរយទៀត គឺជាកងទ័ពមកពីកាណាដា និងបណ្ដាប្រទេសអឺរ៉ុបជាសមាជិកដទៃទៀត ដោយតួកគីមានកងទ័ព ៤៤៥,៥០០នាក់, បារាំងមាន ២០៨,០០០នាក់ និងអង់គ្លេសមាន ១៥៦,២០០នាក់។ នេះបើតាមតួលេខរបស់អង្គ NATO កាលពីឆ្នាំ២០២១។

ដោយឡែក និយាយពីកញ្ចប់ថវិកាយោធាក៏ដូចគ្នា គឺអាស្រ័យលើកញ្ចប់ថវិកាយោធានៃបណ្ដាប្រទេសជាសមាជិកនីមួយៗ។ កាលពីឆ្នាំ២០២១ កញ្ចប់ថវិកា ឬការចំណាយខាងវិស័យយោធាសរុបរបស់ NATO ត្រូវបានគេប៉ាន់ប្រមាណថាទំហំដល់ទៅ ១.២ទ្រីលានដុល្លារអាមេរិក ហើយក្នុងមួយឆ្នាំៗ NATO ចាយវាយយ៉ាងហោច ៣ពាន់លានដុល្លារ។

សហរដ្ឋអាមេរិក មានកញ្ចប់ថវិកាជាតិយោធាធំជាងគេដល់ជាង ៧៧៨ពាន់លានដុល្លារ កាលពីឆ្នាំ២០២០ ឬច្រើនជាង១៣ដង បើធៀបទៅនឹងកញ្ចប់ថវិកាជាតិយោធារបស់រុស្ស៊ី ដែលមានត្រឹម៦២ពាន់លានដុល្លារប៉ុណ្ណោះ។ នេះបើតាមទិន្នន័យពីវិទ្យាស្ថានសិក្សស្រាវជ្រាវអន្តរជាតិស្ដុកខុល (SIPRI) មានមូលដ្ឋាននៅប្រទេសស៊ុយអែត។

គួរបញ្ជាក់ថា សម្រាប់អង្គការ NATO ស្នូល និងជាមូលដ្ឋានគ្រឹះសំខាន់បំផុតនោះគឺមាត្រា ៥ ដែលមានចែងពីសន្តិសុខសមូហភាព។ បានន័យថា ការវាយប្រហារ ឬការគំរាមកំហែងដល់ប្រទេសជាសមាជិកណាមួយ គឺជាការវាយប្រហារ ឬក៏គំរាមកំហែងលើ NATO ទាំងមូលដែលតម្រូវឱ្យបណ្ដាប្រទេសជាសមាជិកទាំងអស់ ត្រូវចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់៕

ប្រភព៖ nato.int