(ប៉េកាំង)៖ ការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង បានបិទបញ្ចប់ដោយគាប់ប្រសើរ ឯការប្រកួតប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំង នឹងខិតជិតចូលមកដល់។ អត្តពលិកពិការនៃបណ្តាប្រទេសនានា នឹងបន្តជួបជុំគ្នាធ្វើការប្រកួតយ៉ាងស្វិតស្វាញ ដើម្បីដណ្តើមកិត្តិយសជូនជាតិ និងបង្ហាញពីស្មារតីអូឡាំពិក។ ទាក់ទិននឹងស្មារតីអូឡាំពិក លោក Xi Jinping ប្រធានរដ្ឋចិនបានអធិប្បាយជាច្រើនលើក ក្នុងកាលៈទេសៈខុសៗគ្នា។ ខាងក្រោមនេះ យើងនាំគ្នាស្វែងយល់ពី ប្រសាសន៍របស់លោក ពាក់ព័ន្ធនឹងស្មារតីអូឡាំពិក៖

* ស្មារតីអូឡាំពិកចាក់ឫសយ៉ាងជ្រៅក្នុងដួងចិត្តរបស់ប្រជាជន

ពេលជួបសន្ទនាជាមួយលោក Bach ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ ព្រមនិងទទួលគ្រឿងឥស្សរិយយសមាសអូឡាំពិក កាលពីថ្ងៃទី ១៩ កុម្ភៈ ឆ្នាំ២០១៣ លោក Xi Jinping បានលើកឡើងថា ការលេងកីឡាមិនត្រឹមតែអាច លើកកម្ពស់កម្រិតសុខភាពរបស់ប្រជាជនប៉ុណ្ណោះទេ ថែមទាំងអាចជំរុញការយល់ដឹងនិងចំណងមិត្តភាព រវាងប្រជាជនមកពីប្រទេសនានា។ ស្មារតីអូឡាំពិកដែលសាមគ្គីភាព មិត្តភាពនិងសន្តិភាពបានចាក់ឫសយ៉ាងជ្រៅ ក្នុងដួងចិត្តរបស់ប្រជាជន។

* យកឈ្នះលើខ្លួនឯង និងជំនះខ្លួនឯង

ពេលទៅសួរសុខទុក្ខគណៈប្រតិភូកីឡាចិន ដែលចូលរួមការប្រកួតកីឡាអូឡាំពិករដូវរងាក្រុង Sochi កាលពីថ្ងៃទី ៧ កុម្ភៈឆ្នាំ ២០១៤ លោក Xi Jinping បានលើកឡើងថា លទ្ធផលមិនត្រឹមតែស្ថិតនៅត្រង់ការឈ្នះមេដាយប៉ុន្មានគ្រឿងទេ តែគឺស្ថិតនៅត្រង់ការបង្ហាញពីស្មារតីអូឡាំពិក យកឈ្នះលើខ្លួនឯងនិងជំនះខ្លួនឯង។ មិនសម្តែងឫកពាពេលជោគជ័យ មិនអាក់អន់ចិត្តពេលបរាជ័យ ពេលទៅសួរសុខទុក្ខគណៈប្រតិភូកីឡាចិន ដែលចូលរួមការប្រកួតកីឡាអូឡាំពិកយុវជនក្រុងណានជីង កាលពីថ្ងៃទី ១៥ សីហាឆ្នាំ ២០១៤ លោក Xi Jinping បានលើកឡើងថា រំពឹងថាអ្នកទាំងអស់គ្នាអាចពង្រីកស្មារតីអូឡាំពិក និងស្មារតីកីឡាចិន មិនសម្តែងឫកពាពេលជោគជ័យ មិនអាក់អន់ចិត្តពេលបរាជ័យ រីករាយជាមួយការប្រកួត ការផ្លាស់បូរ និងការរៀនសូត្រ។

* មិនកំណត់វីរជនតាមជោគជ័យឬបរាជ័យ

ពេលជួបសន្ទនាជាមួយគណៈប្រតិភូកីឡាចិន ដែលចូលរួមការប្រកួតកីឡាអូឡាំពិករដូវក្តៅលើកទី៣១ កាលពីថ្ងៃទី២៥ សីហា ឆ្នាំ២០១៦ លោក Xi Jinping បានលើកឡើងថា យើងមិនកំណត់វីរជនតាមជោគជ័យ ឬបរាជ័យនោះទេ ខណៈដែលវីរជនត្រូវហ៊ានដណ្តើមលេខរៀងទីមួយ។

* តើអាចមានការតស៊ូព្យាយាមប៉ុន្មានលើកក្នុងឆាកជីវិត

ពេលចុះត្រួតពិនិត្យការងារត្រៀមរៀបចំការប្រកួតកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំង កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ លោក Xi Jinping បានលើកឡើងថា តើអាចមានការតស៊ូព្យាយាមប៉ុន្មានលើកក្នុងឆាកជីវិត ការខិតខំគឺមានតម្លៃណាស់។ បើមិនស៊ូទ្រាំនឹងភាពរងា ម្ដេចនឹងមានផ្កាអង្គារសីលក្រអូបឈ្ងុយឈ្ងប់?

* យកមេដាយដ៏ល្អបំផុត

ពេលចុះត្រួតពិនិត្យការងារត្រៀមរៀបចំ ការប្រកួតកីឡាអូឡាំពិកនិងប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំង កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ លោក Xi Jinping បានលើកឡើងថា រំពឹងថាអ្នកទាំងអស់គ្នាហ៊ានតស៊ូព្យាយាម បង្ហាញពីមុខមាត់ស្មារតី និងកម្រិតប្រកួតរបស់អត្តពលិកចិន ក្នុងយុគសម័យថ្មី ដើម្បីខិតខំដណ្តើមមេដាយដ៏ល្អបំផុតទាំងការប្រកួត ទាំងសីលធម៌និងឥរិយាបថ។

* ចងចាំនូវគោលបំណងដើមនៃកីឡាអូឡាំពិក

ពេលថ្លែងក្នុងពិធីបដិសណ្ឋារកិច្ច នៃការប្រកួតកីឡាអូឡាំពិកនិងប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំង កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២ លោក Xi Jinping បានលើកឡើងថា យើងគួរចងចាំនូវគោលបំណងដើម នៃកីឡាអូឡាំពិក រួមគ្នាគាំពារសន្តិភាពសកល។ កីឡាអូឡាំពិកកើតចេញដើម្បីសន្តិភាព ហើយក៏មានភាពរុងរឿងដោយសារសន្តិភាពដែរ។

* អ្នកស្វែងរក និងអ្នកប្រតិបត្តិដ៏រឹងមាំចំពោះឧត្តមគតិអូឡាំពិក

ពេលថ្លែងសុន្ទរកថាជាវីដេអូក្នុងពិធីសម្ពោធបើកកិច្ចប្រជុំពេញអង្គលើកទី១៣៩ នៃគណៈកម្មាធិការអូឡាំពិកអន្តរជាតិកាលពីថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ២០២២ លោក Xi Jinping បានលើកឡើងថាពី «ពិភពលោកមួយ សុបិនមួយ» នៅឆ្នាំ២០០៨ ដល់ «នាំគ្នាឆ្ពោះទៅអនាគត» នៅឆ្នាំ២០២២ ប្រទេសចិនបានចូលរួមព្រឹត្តិការណ៍អូឡាំពិកយ៉ាងសកម្ម ផ្សព្វផ្សាយពីស្មារតីអូឡាំពិកយ៉ាងខ្ជាប់ខ្ជួន គឺជាអ្នកស្វែងរកនិងអ្នកប្រតិបត្តិដ៏រឹងមាំចំពោះឧត្តមគតិអូឡាំពិក។

* មានអនាគតដ៏ល្អបវរជាមួយគ្នា

ពេលជួបសន្ទនាជាមួយលោក Bach ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ លោក Xi Jinping បានលើកឡើងថា ប្រទេសនានាលើពិភពលោកស្ថិតនៅលើទូកយក្សមួយ ជាជាងស្ថិតនៅលើកូនទូកជាង ១៩០រៀងៗខ្លួន ដើម្បីមានអនាគតដ៏ល្អបវរជាមួយគ្នា ហេតុនេះហើយបានជាប្រទេសចិន បានលើកឡើងពាក្យបាវចនា «នាំគ្នាឆ្ពោះទៅអនាគត» សម្រាប់ការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង៕