(តូក្យូ)៖ លោក កៃអ៉ិឈិ គូរ៉ូហ្គិ (Keiichi Kurogi) គឺជាបុរសម្នាក់ នៅក្នុងចំណោមបុរសជនជាតិជប៉ុនជាច្រើននាក់ផ្សេងទៀត ដែលបានដាក់ពាក្យស្នើសុំចូលរួមក្នុង «កងពលអន្តរជាតិពិសេសមួយ» ដើម្បីប្រយុទ្ធជាមួយកងទ័ពរុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន ក្រោយប្រធានាធិបតីលោក ហ្សេលេនស្គី អំពាវនាវស្វែងរកអ្នកស្ម័គ្រចិត្ត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២ ខែមីនា ឆ្នាំ២០២២។

លោក គូរ៉ូហ្គិ មានអាយុ ៣៩ឆ្នាំ ជាអ្នកធ្វើការនៅក្នុងការិយាល័យម្នាក់ និងដែលរស់នៅក្នុងតំបន់ភាគនិរតីនៃប្រទេសជប៉ុន បានប្រាប់ Reuters ថាគាត់ បានឈរតម្រង់ជួរ នៅខាងក្រៅស្ថានទូតអ៊ុយក្រែនប្រចាំប្រទេសជប៉ុន កាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅនេះ បន្ទាប់ពីបានឃើញសារបង្ហោះស្វែងរក អ្នកស្ម័គ្រចិត្តចូលជួយអ៊ុយក្រែន នៅលើបណ្ដាញ Twitter។ លោក គូរ៉ូហ្គិ បានបញ្ជាក់ដូច្នេះថា «នៅពេលដែលខ្ញុំបានឃើញរូបភាពមនុស្សចាស់ និងស្ត្រី នៅក្នុងប្រទេសអ៊ុយក្រែននាំគ្នាកាន់កាំភ្លើង ហើយធ្វើដំណើរទៅសមរភូមិ វាបានធ្វើឱ្យខ្ញុំមានអារម្មណ៍ថាខ្ញុំក៏គួរតែទៅជួយពួកគេដែរ»

ប៉ុន្តែបើតាម Reuters, ស្ថានទូតអ៊ុយក្រែន បានបដិសេធសំណើរបស់លោក គូរ៉ូហ្គិ ដោយសារតែលោកមិនមានបទពិសោធន៍យោធាដែលត្រូវការជាចាំបាច់។ ដោយឡែក សារព័ត៌មានជប៉ុន ម៉ៃនីឈិ ស៊ីប៊ុន (Mainichi Shimbun) បានឱ្យដឹងថាគិតត្រឹមថ្ងៃអង្គារម្សិលមិញ មានបុរសជនជាតិជប៉ុន ប្រហែលជា ៧០នាក់ ក្នុងនោះរួមមានអតីតសមាជិកកងកម្លាំងស្វ័យការពារជប៉ុន ៥០នាក់ បានដាក់ពាក្យស្នើសុំស័្មគ្រចិត្តទៅជួយអ៊ុយក្រែនប្រយុទ្ធ តតាំងជាមួយកងទ័ពរុស្ស៊ី។

គួរបញ្ជាក់ថា នៅក្នុងសារថ្មីមួយបង្ហោះលើ Twitter នៅថ្ងៃពុធនេះ, ស្ថានទូតអ៊ុយក្រែនប្រចាំប្រទេសជប៉ុន បានបញ្ជាក់បន្ថែមថាខ្លួនកំពុងស្វែងរក អ្នកស្ម័គ្រចិត្តដែលមានបទសោធន៍ខាងពេទ្យ, ព័ត៌មានវិទ្យា ទូរគមនាគមន៍ និងអ្នកពន្លត់អគ្គិភ័យ។ ប៉ុន្តែ មិនបានបញ្ជាក់ឱ្យច្បាស់ថាតើអ្នកស្ម័គ្រចិត្ត ទាំងនោះត្រូវបំពេញភារកិច្ចពីចម្ងាយ ឬក៏ត្រូវធ្វើដំណើរទៅកាន់អ៊ុយក្រែនដោយផ្ទាល់នោះទេ ខណៈរដ្ឋាភិបាលជប៉ុនបានប្រាប់ឱ្យពលរដ្ឋរបស់ខ្លួនកុំធ្វើ ដំណើរទៅអ៊ុយក្រែន៕