(កង់បេរ៉ា)៖ នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក ស្កុត ម៉ូរីសុន (Scott Morrison) កាលពីថ្ងៃអង្គារសប្តាហ៍នេះ បានឱ្យដឹងថា រូបលោកបានធ្វើតេស្តវិជ្ជមាន ចំពោះជំងឺ COVID-19 ខណៈអាការៈរបស់លោក គឺដូចជាជំងឺគ្រុនផ្តាសាយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី០២ ខែមីនា ឆ្នាំ២០២២។

លោក Morrison បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ កាលពីយប់ថ្ងៃអង្គារម្សិលមិញថា លោកកំពុងអនុវត្តតាមគោលការណ៍ណែនាំសុខាភិបាល និងកំពុងដាក់ខ្លួនធ្វើចត្តាឡីស័កនៅគេហដ្ឋានរបស់លោក ក្នុងទីក្រុងស៉ីដនី។ លោក Morrison បានបន្ថែមថា លោកនឹងបន្តបំពេញភារកិច្ចជានាយករដ្ឋមន្រ្តីរបស់លោក ហើយសម្របសម្រួលការឆ្លើយតបរបស់រដ្ឋាភិបាលអូស្រ្តាលី ជុំវិញបញ្ហាសង្រ្គាមនៅអ៊ុយក្រែន ព្រមទាំងការផ្តល់ជំនួយសម្រាប់បញ្ហាគ្រោះទឹកជំនន់ដ៏អាក្រក់ នៅតំបន់ភាគខាងកើតប្រទេស។

បើតាមលោកនាយករដ្ឋមន្រ្តីអូស្រ្តាលី គឺក្រោយពេលមានអាការៈក្តៅខ្លួន កាលពីល្ងាចថ្ងៃអង្គារ រូបលោកបានធ្វើតេស្តរក COVID-19 ដែលចេញលទ្ធផលបង្ហាញថា លោកបានឆ្លងជំងឺនេះ។ លោក Morrison បានអះអាងថា លោកបានបន្តធ្វើតេស្តរកមេរោគនេះ តាំងតែពីថ្ងៃអាទិត្យចុងសប្តាហ៍មុនមកម្ល៉េះ រួមទាំងកាលពីពេលព្រឹកថ្ងៃអង្គារផងដែរ ប៉ុន្តែលទ្ធផលពេលនោះ ចេញមកអវិជ្ជមាន៕