(សិង្ហបុរី)៖ រដ្ឋមន្រ្តីការបរទេសសិង្ហបុរី លោក វីវៀន បាឡាគ្រីស្ហ្សណាន់ (Vivian Balakrishnan) បានប្រកាសនៅថ្ងៃចន្ទនេះថា សិង្ហបុរីនឹងដាក់ទណ្ឌកម្មក៏ដូចជាការរឹតត្បិតតាមការគួរ ទៅលើប្រទេសរុស្ស៉ី ដោយក្នុងនោះ រួមមានទាំងចំណាត់ការលើផ្នែកធនាគារ និងហិរញ្ញវត្ថុ ព្រមទាំងការដាក់កំហិតលើទំនិញ ដែលអាចប្រើប្រាស់ជាអាវុធប្រឆាំងទៅលើអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២២។

លោករដ្ឋមន្រ្តីការបរទេសសិង្ហបុរី បានថ្លែងដូច្នេះថា «សិង្ហបុរីមានបំណងចូលរួមជាប្រទេសជាច្រើនផ្សេងទៀត ក្នុងការដាក់ទណ្ឌកម្មនិងការរឹតត្បឹតដែលសមស្រប ប្រឆាំងលើប្រទេសរុស្ស៉ី។ ពួកយើងនឹងអនុវត្តការរឹតត្បិត ទៅលើទំនិញណាដែលអាចប្រើប្រាស់ជាអាវុធផ្ទាល់ ដើម្បីបង្កគ្រោះថ្នាក់ដល់ប្រជាជនអ៊ុយក្រែន។ ក្រៅពីនេះយើងក៏នឹងរាំងខ្ទប់ធនាគាររុស្ស៉ី ក៏ដូចជាប្រតិបត្តិការផ្នែកហិរញ្ញវត្ថុមួយចំនួន ដែលពាក់ព័ន្ធជាមួយរុស្ស៉ីផងដែរ»។

លោក Vivian Balakrishnan បានបន្ថែមថា ចំណាត់ការលម្អិតជាក់លាក់ កំពុងត្រូវរៀបចំឡើង ហើយនឹងប្រកាសចេញក្នុងពេលឆាប់ៗ ខណៈការដាក់ទណ្ឌកម្មនេះ គឺដោយសារតែស្ថានករណ៍ដ៏ធ្ងន់ធ្ងរមិនធ្លាប់មាន ដែលកំពុងតែកើតឡើង និងដោយសារការប្រើសិទ្ធិជំទាស់វ៉េតូរបស់រុស្ស៉ី លើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ UN។ ជាមួយគ្នានេះ លោក Vivian បានហៅប្រតិបត្តិការយោធារបស់រុស្ស៉ីនៅអ៊ុយក្រែន ជាទង្វើមិនអាចទទួលយកបាន និងជាការបំពានបទដ្ឋានអន្តរជាតិរ។

គួរបញ្ជាក់ថា ការសម្រេចដាក់ទណ្ឌកម្មរបស់សិង្ហបុរីលើប្រទេសរុស្ស៉ី គឺជាជំហរដាច់ដោយឡែករបស់សិង្ហបុរីផ្ទាល់ ខណៈអាស៊ានកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន បានចេញសេចក្តីថ្លែងការណ៍អំពាវនាវឱ្យគ្រប់ភាគីបន្ធូរបន្ថយភាពតានតឹង ហើយងាកទៅចរចាគ្នាដោយសន្តិវិធី និងគោរពតាមច្បាប់អន្តរជាតិ ក៏ដូចជាការប្តេជ្ញារបស់អង្គការសហប្រជាជាតិ៕