(ប៉េកាំង)៖ ឆ្លើយតបទៅនឹងការលើកឡើងរបស់លោក Ned Price អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក ទាក់ទិននឹងប្រទេសចិនជុំវិញបញ្ហាអ៊ុយក្រែន លោកស្រី Hua Chunying អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងកាលពីថ្ងៃទី២៤ ខែកុម្ភៈថា ទំនាក់ទំនងចិន-រុស្ស៊ី គឺផ្អែកលើមូលដ្ឋានមិនបង្កើតជាសម្ព័ន្ធមិត្ត មិនអរិភាពគ្នា និងមិនសំដៅចំពោះភាគីទីបី មានភាពខុសគ្នាស្រឡះទាំងពីឬសគល់និងសារធាតុ ជាមួយនឹងការបង្កើតជា «រង្វង់តូច» ដែលធ្វើនយោបាយជាក្រុម និងការបង្កអរិភាពនិងអបគមន៍របស់ភាគីអាមេរិក។

លោកស្រី Hue បន្តថា ប្រទេសចិនបានប្រកាន់ខ្ជាប់នូវ កម្មវត្ថុនិងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងក្រមមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិជានិច្ច គាំពារយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាព សន្តិសុខ និងបូរណភាពទឹកដីរបស់ខ្លួន ក៏ដូចគ្នាគាំពារយ៉ាងម៉ឺងម៉ាត់នូវ សមភាពនិងយុត្តិធម៌អន្តរជាតិ។

ជាការឆ្លើយតបទៅនឹង ការលើកឡើងបែបបញ្ឆិតបញ្ឆៀងរបស់សហរដ្ឋអាមេរិកថា រុស្ស៊ីមានការគាំទ្រពីប្រទេសចិន ទើបធ្វើប្រតិបត្តិការយោធាបែបនេះ លោកស្រី Hua Chunying បានថ្លែងថា ប្រទេសរុស្ស៊ីគឺជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ និងជាមហាប្រទេសដ៏ឯករាជ្យម្ចាស់ការ រុស្ស៊ីអាចកំណត់និងអនុវត្តយុទ្ធសាស្រ្តការទូតរបស់ខ្លួន ដោយឯករាជ្យម្ចាស់ការ ដោយផ្អែកលើការវិនិច្ឆ័យរបស់ខ្លួន និងផលប្រយោជន៍ជាតិ៕