(អ៊ុយក្រែន)៖ ប្រជាពលរដ្ឋអ៊ុយក្រែន បាននាំគ្នាសម្រុករកទីសុវត្ថិភាព ដោយជ្រកនៅស្ថានីយ៍រថភ្លើងក្រោមដី និងប្រជាពលរដ្ឋខ្លះទៀត នាំគ្នាជម្លៀសចេញពីរដ្ឋធានីកៀវ បន្ទាប់ពីកងទ័ពរបស់រុស្ស៉ីបើកការវាយប្រហារកាន់តែខ្លាំង។

សូមជំរាបថា កាលពីពេលទាបភ្លឺថ្ងៃសុក្រនេះ (ម៉ោងនៅទីក្រុងកៀវ) មូលដ្ឋានយោធានៅតាមទីក្រុងនានាទូទាំងប្រទេសអ៊ុយក្រែន បានទទួលរងការវាយប្រហារដោយគ្រាប់ផ្លោង រួមទាំងគ្រាប់មីស៉ីល ខណៈរុស្ស៉ីកំពុងបន្តប្រតិបត្តិការយោធារបស់ខ្លួន នៅក្នុងប្រទេសអឺរ៉ុបខាងកើតមួយនេះ។

ប្រភពពីប្រជាជនខ្មែរដែលកំពុងរស់នៅអ៊ុយក្រែនផ្ទាល់ បានអះអាងថា កាលពីវេលាម៉ោងប្រមាណជា ០៤៖៣០នាទីទាបភ្លឺ ថ្ងៃសុក្រ ទី២៥ ខែកុម្ភៈ យោធារុស្ស៉ីបានធ្វើការផ្លោងគ្រាប់និងបាញ់មីស៉ីល ស្រោចទៅលើមូលដ្ឋានយោធា នៅតាមទីក្រុងផ្សេងៗរបស់ប្រទេសអ៊ុយក្រែន រួមមានទាំងរដ្ឋធានីកៀវផងដែរ៕