(ម៉ូស្គូ)៖ មនុស្សច្រើនជាង១,០០០នាក់ ត្រូវបានចាប់ខ្លួននៅក្នុងបាតុកម្មតវ៉ាប្រឆាំងនឹងប្រតិបត្តិការយោធារបស់រុស្ស៊ី នៅអ៊ុយក្រែន ខណៈទីក្រុងម៉ូស្គូ កំពុងរងសម្ពាធទណ្ឌកម្ម និងការថ្កោលទោសពីសហគមន៍អន្តរជាតិ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃសុក្រ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២២។

ក្រុមបាតុករប្រឆាំងសង្រ្គាម នៅក្នុងប្រទេសរុស្ស៊ី បានប្រមូលផ្ដុំគ្នាធ្វើបាតុកម្មតវ៉ាកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះដើម្បីអំពាវនាវឱ្យរដ្ឋាភិបាលរបស់ ពួកគេបញ្ឈប់សង្រ្គាមនៅអ៊ុយក្រែន។ គិតត្រឹមល្ងាចថ្ងៃដដែល មនុស្សយ៉ាងហោច ១,២៣៧នាក់ ត្រូវបានចាប់ខ្លួន នៅទីក្រុងចំនួន ៤៤ ទូទាំង ប្រទេសរុស្ស៊ី។

ជុំវិញបាតុកម្មតវ៉ានេះដែរ, ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននៅក្នុងសារវីដេអូទៅកាន់ប្រជាជនអ៊ុយក្រែន នៅថ្ងៃសុក្រនេះ ថា «មិនយូរមិនឆាប់ រុស្ស៊ីនឹងត្រូវបង្ខំឱ្យត្រឡប់មកតុចរចាជាមួយពួកយើង ដើម្បីបញ្ចប់ប្រតិបត្តិការយោធានេះ»។ លោកបន្ថែមថាប្រជាជនរុស្ស៊ីដែល បានចូលរួមក្នុងបាតុកម្មតវ៉ា គឺបានស្ដាប់ឮការអំពាវនាវរបស់អ៊ុយក្រែន៕