(វ៉ាស៊ីនតោន)៖ ជាច្រើនខែ បន្ទាប់ពីបានបង្កើនការប្រមូលផ្ដុំកងទ័ពនៅក្បែរតំបន់ព្រំដែនអ៊ុយក្រែន នៅទីបំផុតទៅរស្ស៊ីពិតជាបានបើកប្រតិបត្តិការ យោធាប្រឆាំងអ៊ុយក្រែនពិតមែន។ បណ្ដាប្រទេសលោកខាងលិចដឹកនាំដោយសហរដ្ឋអាមេរិក បានចាត់ទុកសកម្មភាពរបស់រុស្ស៊ីគឺជាការឈ្លានពាន លើបូរណភាពទឹកដី និងអធិបតេយ្យភាពរបស់អ៊ុយក្រែន ហើយបានថ្កោលទោស ព្រមទាំងប្រកាសដាក់ទណ្ឌកម្មជាបន្តបន្ទាប់ប្រឆាំងទីក្រុងម៉ូស្គូ។

មែនទែនទៅ រុស្ស៊ីបានប្រមូលផ្ដុំកងទ័ព និងសព្វាវុធនៅតាមតំបន់ព្រំដែនអ៊ុយក្រែនតាំងតែពីឆ្នាំ២០២១មកម្ល៉េះ។ តែបើតាមក្រុមអ្នកជំនាញ ការសម្រេចចិត្តធ្វើសកម្មភាពរបស់លោក ពូទីន កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ គឺដោយសារតែលោកមើលឃើញថាឱកាសល្អបានមកដល់ នោះគឺ សហរដ្ឋអាមេរិកមានប្រធានាធិបតីទន់ខ្សោយដូចជាលោក បៃដិន ដែលកំពុងជាប់ដៃតាមមើលចិន, បារាំងកំពុងរវល់រៀបចំការបោះឆ្នោតប្រធានាធិបតី រីឯអាល្លឺម៉ង់ទើបមានមេដឹកនាំថ្មី ហើយអាមេរិក និងអឺរ៉ុបទើបតែឈ្លោះគ្នាជុំវិញបរាជ័យនៅអាហ្វហ្កានីស្ថាន។

ម្យ៉ាងវិញទៀត លោក ពូទីនកាន់តែបារម្ភថាបើនៅតែបណ្ដោយ អ៊ុយក្រែននឹងកាន់តែខិតទៅរកលោកខាងលិច ហើយអាចនឹងមានសមត្ថភាពយោធា កាន់តែខ្លាំង ដែលនេះអាចនឹងក្លាយជាគ្រោះថ្នាក់ធំដល់រុស្ស៊ី ទៅថ្ងៃក្រោយ។

*តើលោក ពូទីន ចង់បានអ្វីនៅអ៊ុយក្រែន?

កាលពីខែកក្កដា ឆ្នាំ២០២១, លោក ពូទីន ធ្លាប់បាននិយាយត្រង់ៗថាប្រជាជនរុស្ស៊ី និងអ៊ុយក្រែន គឺជាប្រជាជនតែមួយ ហើយបានចោទប្រកាន់ថាលោកខាងលិច និងរដ្ឋាភិបាលរបស់លោក Volodymyr Zelensky កំពុងផ្លាស់ប្ដូរអត្តសញ្ញាណមួយនេះ តាមរយៈការព្យាយាមទាញអ៊ុយក្រែន ឱ្យចេញពីដែនឥទ្ធិពលរុស្ស៊ី។

ក្រោយមកទៀត នៅក្នុងសុន្ទរកថាមួយទៅកាន់ប្រជាជាតិរុស្ស៊ី កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ លោក ពូទីន បានប្រកាសបើកប្រតិបត្តិការយោធា ប្រឆាំងអ៊ុយក្រែន បន្ទាប់ពីលោកផ្ទាល់កាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅនេះ បានប្រកាសទទួលស្គាល់តំបន់ផ្ដាច់ខ្លួនពីរនៅអ៊ុយក្រែនគឺ Donetsk និង Luhansk ជារដ្ឋឯករាជ្យ។ ក្នុងពេលប្រកាសពីការធ្វើប្រតិបត្តិការយោធា លោក ពូទីន បានអះអាងថាការសម្រេចចិត្តរបស់លោក ធ្វើឡើងដើម្បីការពារ ជនស៊ីវិល ក្នុងនោះរួមមានទាំងពលរដ្ឋនិយាយភាសារុស្ស៊ី ដែលកំពុងរងការប្រល័យពូជសាសន៍នៅក្នុងតំបន់ដុនបាស់ (Donbas) ភាគខាងកើត ប្រទេសអ៊ុយក្រែនតែប៉ុណ្ណោះ។

ប៉ុន្តែ ជាក់ស្ដែង កងទ័ពរុស្ស៊ីមិនមែនធ្វើប្រតិបត្តិការយោធាត្រឹមតែនៅតំបន់ភាគខាងកើតអ៊ុយក្រែនប៉ុណ្ណោះទេ ដោយពួកគេបានបើកការវាយប្រហារ លើបន្ទាយយោធានៅទូទាំងប្រទេសអ៊ុយក្រែន ក្នុងនោះរួមមានទាំងរដ្ឋធានីកៀវផងដែរ។ មកដល់ម៉ោងនេះ កងទ័ពរុស្ស៊ីត្រូវបានគេរាយការណ៍ថា កំពុងវាយរុលទៅមុខ និងស្ថិតនៅចម្ងាយត្រឹមតែ ៣២គីឡូម៉ែត្រប៉ុណ្ណោះពីរដ្ឋធានីកៀវ។

ម្លោះហើយ អ្វីដែលលោក ពូទីនកំពុងធ្វើ, វាជាកិច្ចខិតខំប្រឹងប្រែងការពារអ៊ុយក្រែនកុំឱ្យឃ្លាតចេញពីឥទ្ធិពលរុស្ស៊ី និងជាសារមួយប្រាប់លោកខាងលិច ថាកុំមកក្បែរ ឬប៉ះពាល់ខ្សែក្រវាត់សន្តិសុខរបស់រុស្ស៊ីឱ្យសោះ។ កាលពីខែធ្នូ ឆ្នាំ២០២១, លោក ពូទីន បានលើកឡើងនូវសំណើមួយចំនួនទៅកាន់ សហរដ្ឋអាមេរិក និងអង្គការ NATO ក្នុងនោះរួមមានទាំងការធានាផងដែរថាអ៊ុយក្រែននឹងមិនចូលជាសមាជិក NATO ជាដាច់ខាត។

ប៉ុន្តែសំណើទាំងនេះត្រូវបានអាមេរិក និង NATO ច្រានចោល ទើបសង្រ្គាមថ្ងៃនេះកើតឡើង ហើយលោក ពូទីនក៏បានបញ្ជាក់ដែរថាលោកលែង មានចំណាប់អារម្មណ៍លើកិច្ចចរចាស្ដីប្រធានបទនេះទៀតទេ។

«ពួកអ្នក (អាមេរិក និងNATO) គឺជាអ្នកដែលត្រូវតែផ្ដល់ការធានាមកឱ្យពួកយើង ហើយពួកអ្នកត្រូវធ្វើវាជាបន្ទាន់ទៀតផង។ តើពួកយើងគឺជាអ្នក ដាក់ពង្រាយមីស៊ីលនៅក្បែរព្រំដែនអាមេរិក ឬ? ទេ, មិនមែនពួកយើងឡើយ។ ផ្ទុយទៅវិញ គឺសហរដ្ឋអាមេរិកដែលជាអ្នកដាក់ពង្រាយមីស៊ីល នៅក្បែរមាត់ទ្វារផ្ទះរបស់យើង»។ នេះជាការលើកឡើងរបស់លោក ពូទីន នៅក្នុងសុន្ទរកថាប្រចាំឆ្នាំកាលពីចុងឆ្នាំ២០២១។

គួរបញ្ជាក់ថា មកទល់នឹងពេលនេះ សហរដ្ឋអាមេរិក និង NATO នៅតែបញ្ជាក់ជំហរថាពួកគេនឹងមិនដាក់ពង្រាយកងទ័ពឱ្យទៅជួយអ៊ុយក្រែន ប្រយុទ្ធ តតាំងជាមួយកងទ័ពរុស្ស៊ីឡើយ ដោយទុកឱ្យអ៊ុយក្រែនជាអ្នកតស៊ូប្រយុទ្ធជាមួយយក្សរុស្ស៊ីតែម្នាក់ឯង។ តែពួកគេបានសន្យាថានឹងបន្តផ្ដល់ការគាំទ្រ ដល់អ៊ុយក្រែន និងដាក់ទណ្ឌកម្មរុស្ស៊ី ខណៈទីក្រុងវ៉ាស៊ីនតោនចោទថារុស្ស៊ីមានផែនការផ្ដួលរំលំរដ្ឋាភិបាលអ៊ុយក្រែន៕

ប្រភព៖ CNN (ថ្ងៃសុក្រ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២២)