(ម៉ូស្គូ)៖ មេដឹកនាំប្រទេសបេឡារុសលោក អេឡិចហ្សានដឺ លូកាហ្សិនកូ (Alexander Lukashenko) បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសរបស់លោកមិនបានចូលរួមជាមួយរុស្ស៊ី ក្នុងការឈ្លានពានប្រទេសអ៊ុយក្រែននោះឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាល្ងាចថ្ងៃព្រហស្បតិ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។

ការថ្លែងរបស់ប្រធានាធិបតីបេឡារុសខាងលើនេះ បានកើតមានឡើង បន្ទាប់ពីមន្ត្រីរដ្ឋាភិបាលអ៊ុយក្រែនបានអះអាងថា កងទ័ពរុស្ស៊ីបានចូលមកកាន់ទឹកដីអ៊ុយក្រែន តាមរយៈទឹកដីរបស់ប្រទេសបេឡារុស ដែលស្ថិតនៅជាប់តំបន់ ដុនបាស (Donbass) ភាគខាងកើតអ៊ុយក្រែននោះ។

លោក Alexander Lukashenko បានគូសបញ្ជាក់យ៉ាងដូច្នេះថា «កងកម្លាំងយោធារបស់យើង មិនមែនកំពុងចូលរួមនៅក្នុងប្រតិបត្តិការ (ជាមួយយោធារុស្ស៊ី) នោះឡើយ»។ យ៉ាងណាក៏ដោយ បណ្តាសារព័ត៌មានលោកខាងលិច បានចេញផ្សាយថា កងទ័ពរុស្ស៊ីរហូតដល់រាប់សែនឯណោះ បានយកទឹកដីបេឡារុស ធ្វើជាកន្លែងឈរជើង នៅមុនការវាយលុកចូលអ៊ុយក្រែនកើតឡើង។

គួរបញ្ជាក់តាមមន្ត្រីរដ្ឋាភិបាលបេឡារុសថា ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន បានទូរស័ព្ទមកកាន់លោក Lukashenko កាលពីវេលាម៉ោង ៥៖០០នាទីព្រឹកថ្ងៃព្រហស្បតិ៍ (ម៉ោងនៅទីក្រុងមីងក៍) ដើម្បីប្រាប់អំពីការចាប់ផ្តើម ប្រតិបត្តិការយោធាទៅលើប្រទេសអ៊ុយក្រែន។ លោក ពូទីន បានប្រាប់មេដឹកនាំបេឡារុសថា ការធ្វើប្រតិបត្តិការយោធាពិសេសនេះ គឺស្ថិតក្នុងគោលដៅបញ្ឈប់ការសម្លាប់រង្គាលប្រជាជន នៅតំបន់ Donetsk និង Luhansk ដោយកងទ័ពអ៊ុយក្រែន៕