(ប៉េកាំំង)៖ ក្រសួងការបរទេសចិននៅថ្ងៃព្រហស្បតិ៍នេះ បានចេញសេចក្តីអំពាវនាវមួយ ទៅកាន់គ្រប់ប្រទេសទាំងអស់ ឲ្យរួមគ្នាការពារសន្តិសុខថាមពល ខណៈការវាយប្រហារដោយកងទ័ពរុស្ស៊ី ទៅលើតំបន់ភាគខាងកើតអ៊ុយក្រែន កំពុងបង្កភាពតានតឹងកាន់តែខ្លាំងជាសកល ជាពិសេសទៅលើវិស័យថាមពលតែម្តង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាល្ងាចថ្ងៃព្រហស្បតិ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ហ័រ ឈុនយីង (Hua Chunying) បានធ្វើការអំពាវនាវដូចខាងលើនេះ នៅពេលត្រូវបានអ្នកសារព័ត៌មានសួរនាំ អំពីចំណាត់ការរបស់ប្រទេសចិន ចំពោះស្ថានការណ៍បច្ចុប្បន្ន ថាតើចិននឹងបញ្ចេញធនធានថាមពលបម្រុងរបស់ខ្លួន ដែរឬមួយក៏យ៉ាងណា ខណៈការវាយប្រហារដោយរុស្ស៊ី ទៅលើអ៊ុយក្រែន កំពុងធ្វើឲ្យតម្លៃប្រេងជាសកលកើនឡើងនោះ។

ចំពោះផ្នែកសន្តិសុខវិញ, នៅថ្ងៃព្រហស្បតិ៍នេះ ស្ថានទូតចិនប្រចាំនៅទីក្រុងកៀវ បានព្រមានថា ស្ថានការណ៍នៅអ៊ុយក្រែន នឹងកាន់តែយ៉ាប់យ៉ឺនខ្លាំង ហើយហានិភ័យផ្នែកសន្តិសុខក៏នឹងកើនឡើងផងដែរ ខណៈសណ្តាប់ធ្នាប់សង្គម អាចធ្លាក់ចូលទៅក្នុងភាពវឹកវរ។ ស្ថានទូតចិនបានណែនាំដល់ជនជាតិខ្លួន ត្រូវបន្តស្នាក់នៅក្នុងផ្ទះ ឬសម្រាប់អ្នកដែលសម្រេចចិត្តចាកចេញពីអ៊ុយក្រែននោះ ត្រូវដាក់ទង់ជាតិចិននៅចំទីតាំងជាក់ស្តែង លើតួយានជំនិះរបស់ពួកគេ ដើម្បីការពារសន្តិសុខ៕