(ស៊ីដនី)៖ នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក ស្កុត ម៉ូរីសុន (Scott Morrison) បានថ្លែងនៅថ្ងៃព្រហស្បតិ៍នេះថា អូស្ត្រាលីនឹងពង្រីកទណ្ឌកម្មផ្នែកហិរញ្ញវត្ថុលើរុស្ស៊ី បន្ទាប់ពីការវាយលុកចូលអ៊ុយក្រែន, ដោយក្នុងនោះ មន្ត្រីយោធារុស្ស៊ីចំនួន ២៥នាក់, ក្រុមហ៊ុនបច្ចេកវិទ្យាអាវុធរុស្ស៊ីចំនួន ៤ និងធនាគាររុស្ស៊ីចំនួន ៤ ត្រូវដាក់ទៅក្នុងបញ្ជីទណ្ឌកម្មរបស់អូស្ត្រាលី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នារសៀលថ្ងៃព្រហស្បតិ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។

លោក Morrison បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងស៊ីដនីថា នឹងមានចរន្តនៃការដាក់ទណ្ឌកម្មបន្ថែមទៀត រួមទាំងទៅលើសមាជិកសភារុស្ស៊ី ទាំងជាង ៣០០នាក់ផងដែរ។ លោកនាយករដ្ឋមន្ត្រីបានបន្ថែមថា «យើងត្រូវតែធានាថា នឹងមានការតបស្នងចំពោះអំពើហិង្សា ដែលមិនអាចទទួលយកបាន និងធ្ងន់ធ្ងរ (របស់រុស្ស៊ី) នេះ»

គួរបញ្ជាក់ថា កាលពីថ្ងៃពុធម្សិលមិញ អូស្ត្រាលីបានប្រកាសនៅក្នុងកិច្ចប្រជុំ ជាមួយសម្ព័ន្ធមិត្តលោកខាងលិចថា ការដាក់ទណ្ឌកម្មលើបុគ្គលរុស្ស៊ីនានា ដែលខ្លួនជឿជាក់ថា ជាអ្នកទទួលខុសត្រូវចំពោះសកម្មភាពរបស់រុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែន គឺស្ថិតក្នុងកញ្ចប់ទណ្ឌកម្ម ដែលត្រូវបានត្រៀមទុករួចជាស្រេចហើយ។ អូស្ត្រាលីក៏បានត្រៀមខ្លួន ដើម្បីទប់ទល់ការវាយប្រហារតាមប្រព័ន្ធអ៊ីនធើណិត ពីសំណាក់រុស្ស៊ីផងដែរ៕