(ម៉ូស្គូ)៖ អង្គការសន្ធិសញ្ញាអាត្លង់ទិចខាងជើង ឬ NATO ត្រូវបានគេរាយការណ៍ថានឹងបើកកិច្ចប្រជុំបន្ទាន់មួយ ពាក់ព័ន្ធនឹងប្រតិបត្តិការយោធារបស់ រុស្ស៊ី នៅអ៊ុយក្រែន ដែលកំពុងទទួលរងការថ្កោលទោសពីសំណាក់បណ្ដាប្រទេសលោកខាងលិច។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន RT នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។

សេចក្ដីរាយការណ៍ខាងលើ កើតមានឡើងនៅចំពេលនាយករដ្ឋមន្ត្រីឡេតូនី លោក គ្រីសហ្សានីស ការីន (Krisjanis Karins) បានអំពាវនាវឱ្យដាក់ ចេញមាត្រ៤ នៃអង្គការ NATO ហើយក៏បានថ្កោលទោសប្រតិបត្តិការយោធារបស់រុស្ស៊ីផងដែរ។ លោក Karins បានបញ្ជាក់ដូច្នេះថា «ការឈ្លានពាន របស់យោធារុស្ស៊ីប្រឆាំងអធិបតេយ្យភាពរបស់អ៊ុយក្រែន, ប្រជាជន និងប្រជាធិបតេយ្យ គឺជារឿងមិនអាចទទួលបានទាំងស្រុង ហើយលោក ពូទីន មានកាតព្វកិច្ចបញ្ឈប់វាជាបន្ទាន់»

គួរបញ្ជាក់ថា មាត្រា ៥ បានចែងពីការការពារសមូហភាព ពោលគឺការវាយប្រហារណាមួយលើសមាជិក NATO គឺជាការវាយប្រហារលើ NATO ទាំងមូលដែលតម្រូវឱ្យត្រូវចាត់វិធានការឆ្លើយតប ប៉ុន្តែអ៊ុយក្រែនមិនមែនជាសមាជិក NATO។ ចំណែកឯ មាត្រា ៤ គឺស្នើសុំការពិគ្រោះយោបល់ នៅពេលរដ្ឋជាសមាជិកណាមួយយល់ថាមានការគំរាមកំហែងលើបូរណភាពទឹកដីរបស់ពួកគេ៕