(ប៉េកាំង)៖ ស្ថានទូតចិនប្រចាំនៅទីក្រុងកៀវ បានណែនាំពលរដ្ឋចិនទាំងអស់ ដែលកំពុងស្ថិតនៅក្នុងប្រទេសអ៊ុយក្រែន ត្រូវស្នាក់នៅក្នុងផ្ទះ ឬយ៉ាងហោចណាស់ ពួកគេត្រូវចាត់វិធានការរក្សាសុវត្ថិភាព ដោយដាក់ទង់ជាតិចិន នៅជាប់យានជំនិះរបស់ពួកគេ ប្រសិនបើចាំបាច់ត្រូវធ្វើដំណើរ ចេញទៅកាន់ទីកន្លែងនានា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នារសៀលថ្ងៃព្រហស្បតិ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។

ស្ថានទូតចិនក៏បានព្រមានផងដែរថា ស្ថានការណ៍នៅអ៊ុយក្រែន កាន់តែយ៉ាប់យ៉ឺនខ្លាំង ហើយហានិភ័យផ្នែកសន្តិសុខក៏កើនឡើងផងដែរ ខណៈសណ្តាប់ធ្នាប់សង្គម អាចធ្លាក់ចូលទៅក្នុងភាពវឹកវរ។ ស្ថានទូតចិនបានណែនាំដល់ជនជាតិខ្លួន ដែលសម្រេចចិត្តចាកចេញពីអ៊ុយក្រែនថា ទង់ជាតិចិនអាចត្រូវបានដាក់ នៅទីតាំងជាក់ស្តែង នៅលើតួយានជំនិះរបស់ពួកគេបាន។

គួរបញ្ជាក់ថា ក្នុងអំឡុងពេលកើតមានជម្លោះយោធា រវាងប្រទេសលីបង់ជាមួយអ៊ីស្រាអែលកាលពីឆ្នាំ២០០៦ បុគ្គលិកស្ថានទូតចិន និងក្រុមគ្រួសាររបស់ពួកគេ ដែលជម្លៀសខ្លួនចេញពីស្ថានទូតចិនក្នុងទីក្រុង ប៊ែររូត (Beirut) បានដាក់ទង់ជាតិចិននៅលើយានជំនិះរបស់ពួកគេ ដើម្បីជៀសវាងការវាយប្រហារណាមួយជាយថាហេតុ។

កន្លងមកនេះ ចិនមិនបានធ្វើដូចសម្ព័ន្ធមិត្តលោកខាងលិច ក្នុងការជម្លៀសបុគ្គិលទូត ឬណែនាំពលរដ្ឋខ្លួនឲ្យចាកចេញពីអ៊ុយក្រែននោះឡើយ ប៉ុន្តែបានក្រើនរំលឹកពួកគេ ឲ្យព្យាយាមស្វែងរកអាហារ និងគ្រឿងប្រើប្រាស់ចាំបាច់នានា ស្តុកទុកដើម្បីប្រើប្រាស់ក្នុងគ្រាអាសន្ន៕