(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលែនស្គី (Volodymyr Zelenskiy) នៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសដាក់ចេញច្បាប់ អាជ្ញាសឹកនៅទូទំាងប្រទេស បន្ទាប់ពីរុស្ស៊ីចាប់ផ្ដើមបើកប្រតិបត្តិការយោធាប្រឆាំងអ៊ុយក្រែន តាមបញ្ជាលោក ពូទីន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។

នៅក្នុងសុន្ទរកថាតាមវីដេអូមួយ លោក Zelenskiy បាននិយាយថា ប្រទេសរបស់លោកកំពុងស្ថិតនៅក្រោមការវាយប្រហារ ហើយបើតាមក្រសួងមហាផ្ទៃអ៊ុយក្រែន ឃ្លាំងអាវុធ និងព្រលានយន្ដហោះក្នុងរដ្ឋធានីកៀវ បានរងការវាយប្រហារដោយគ្រាប់មីស៊ីល។

នៅឯរដ្ឋធានីកៀវ មានសេចក្ដីរាយការណ៍ពីស្នូរផ្ទុះជាបន្តបន្ទាប់ នៅ ឯអាកាសយានដ្ឋានអន្តរជាតិ Boryspil និងតាមទីក្រុងជាច្រើនទៀត ជាពិសេសនៅតំបន់ព្រំដែនជាប់បេឡារុស។ ក្រៅតែពីប្រកាសច្បាប់អាជ្ញាសឹក អ៊ុយក្រែនក៏បានបិទដែនអាកាសសម្រាប់យន្ដហោះស៊ីវិល ជាបណ្ដោះអាសន្នផងដែរ៕