(ម៉ូស្គូ)៖ លោក គ្រីស វីហ្វឺ (Chris Weafer) នាយកប្រតិបត្តិ (CEO) នៃក្រុមហ៊ុនទីប្រឹក្សាយុទ្ធសាស្ត្រឯករាជ្យ ម៉ាក្រូ (Macro-Advisory Limited) ប្រចាំតំបន់អឺរ៉ុប-អាស៊ីបានព្រមានថា វិធានការរបស់រុស្ស៊ីចំពោះអ៊ុយក្រែន អាចបង្កឲ្យមានហានិភ័យ ចំពោះការគាំទ្រពីសំណាក់ពលរដ្ឋរុស្ស៊ី លើលោកប្រធានាធិបតី វ៉្លាឌីមៀ ពូទីន ផ្ទាល់។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Aljazeera នារសៀលថ្ងៃព្រហស្បតិ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។

លោក Chris Weafer បាននិយាយថា «អ្វីដែលលោក ពូទីន បាននិងកំពុងធ្វើ គឺមិនមែនគ្រាន់តែជាការប្រថុយប្រថាន នៅក្នុងលក្ខខណ្ឌនៃភូមិសាស្ត្រនយោបាយ និងនៅក្នុងលក្ខខណ្ឌនៃប្រតិកម្ម ពីសំណាក់លោកខាងលិចប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាផ្នែកមួយនៃនយោបាយក្នុងស្រុកផងដែរ»។ អ្នកវិភាគរូបនេះបានចង្អុលបង្ហាញថា ចំនួនប្រជាជនសកម្ម (ពេញវ័យ) ដែលកំពុងកើនឡើងនៅរុស្ស៊ី នឹងមិនងាយទទួលយកផលវិបាកនានា ដែលនឹងធ្លាក់ទៅលើពួកគេ ដោយសារតែការឈ្លានពានពីសំណាក់រុស្ស៊ី ទៅលើអ៊ុយក្រែននោះឡើយ។

លោក Weafer បានលើកឡើងទៀតថា «យើងកំពុងមើលឃើញតម្លៃលុយរូប៊ល (ruble) ចុះទន់ខ្សោយរួចហើយ នៅពេលព្រឹក (ថ្ងៃព្រហស្បតិ៍) នេះ ដែលនឹងបង្កផលវិបាកទាក់ទងនឹងអតិផរណា និងជីវភាពរស់នៅរបស់ប្រជាជន»។ លោកបានបន្ថែមថា ទណ្ឌកម្មនានាអាចនឹងប៉ះពាល់ដល់សមត្ថភាពរបស់មនុស្ស ក្នុងការប្រើប្រាស់កាតធនាគារ, ការដកប្រាក់តាមម៉ាស៊ីន ATM និងការធ្វើដំណើរជាដើម។

ជាចុងក្រោយលោក Chris Weafer បានសង្កត់ធ្ងន់ថា «ទាំងអស់នេះគឺជាផលវិបាក ដែលនឹងអាចកើតមាន ហើយប្រសិនបើវាកើតឡើងមែននោះ ប្រតិកម្មជាសាធារណៈនៅក្នុងស្រុក ក៏នឹងផ្ទុះឡើងផងដែរ។ មិនមែនភ្លាមៗទេ, ប៉ុន្តែវានឹងចាប់ផ្តើមផ្លាស់ប្តូរជាថាមវន្ត នៅក្នុងប្រទេសរុស្ស៊ី»