(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានថ្កោលទោសសកម្មភាពរបស់រុស្ស៊ី តែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ប្រកាសពីការធ្វើប្រតិបត្តិការយោធាពិសេស នៅក្នុងតំបន់ដុនបាស (Donbass) ភាគខាងកើតអ៊ុយក្រែន ដែលមានតំបន់ ពីរគឺ ដូណេតក៍ (Donetsk) និង លូហាន់ក៍ (Luhansk) ដែលរុស្ស៊ីទើបទទួលស្គាល់ជារដ្ឋឯករាជ្យនៅក្នុងនោះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNN នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។

នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ, លោក ចូ បៃដិន បានបញ្ជាក់ដូច្នេះថា «លោកប្រធានាធិបតី ពូទីន បានជ្រើស រើសយកសង្រ្គាមួយដែលត្រូវបានគិតទុកជាមុន ហើយដែលនឹងបង្កមហន្តរាយដល់អាយុជីវិត និងការឈឺចាប់នៃមនុស្សជាតិ។ រុស្ស៊ីតែម្នាក់គត់ គឺជាអ្នកទទួលខុសត្រូវចំពោះការស្លាប់ និងការបំផ្លិចបំផ្លាញ...សហរដ្ឋអាមេរិក និងសម្ពន្ធមិត្ត រួមទាំងប្រទេសជាដៃគូរបស់ខ្លួននឹងចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់»

លោក បៃដិនបន្ថែមថា លោកកំពុងតាមដានស្ថានការណ៍យ៉ាងយកចិត្តទុកដាក់ពីសេតវិមាន ហើយលោកផ្ទាល់នឹងជួបពិភាក្សាជាមួយបណ្ដា មេដឹកនាំនៃប្រទេស G7 នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន)។

គួរបញ្ជាក់ថា ការប្រកាសធ្វើប្រតិបត្តិការយោធានៅតំបន់ភាគខាងកើតអ៊ុយក្រែនរបស់លោក ពូទីន ខាងលើនេះ ត្រូវបានធ្វើឡើងតាមរយៈ សេចក្តីថ្លែងការណ៍ តាមកញ្ចក់ទូរទស្សន៍ ស្របពេលដែលក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ (UNSC) បានរៀបចំកិច្ចប្រជុំដើម្បី ជំរុញឲ្យរុស្ស៊ីបញ្ឈប់សកម្មភាពទាំងអស់នេះ។ លោក ពូទីន ក៏បានជំរុញឱ្យកងទ័ពអ៊ុយក្រែនទម្លាក់អាវុធសុំចុះចាញ់ផងដែរ៕