(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកនៅថ្ងៃពុធសប្តាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានចោទប្រកាន់ប្រទេសចិន និងរុស្ស៊ីថា កំពុងសមគំនិតគ្នាក្នុងការបង្កើត ពិភពលោកថ្មីមួយដែលមិនមានសិទ្ធិ និងសេរីភាពយ៉ាងស៊ីជម្រៅតែម្តង ខណៈទង្វើដែលទីក្រុងម៉ូស្គូ បាននិងកំពុងធ្វើចំពោះអ៊ុយក្រែននោះ ត្រឹមតែជាផ្នែកមួយនៃបញ្ហានេះប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក ណេដ ប្រាយស៍ (Ned Price) បានថ្លែងថា គ្រប់ប្រទេសដែលប្រកបដោយភាពទទួលខុសត្រូវទាំងអស់ នៅលើពិភពលោកនេះ ក្នុងនោះរួមទាំងចិនផងដែរ មានកាតព្វកិច្ចក្នុងការជំរុញប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ឲ្យបកត្រឡប់ក្រោយវិញ និងបន្ធូរបន្ថយវិបត្តិនៅអ៊ុយក្រែន។

លោក Ned Price បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «អ្នកត្រូវសួរទៅកាន់ប្រទេសចិនថា តើពួកគេបានប្រើប្រាស់ ឥទ្ធិពលដែលខ្លួនមានជាមួយសហព័ន្ធរុស្ស៊ី ឲ្យអស់ពីលទ្ធភាពហើយឬនៅ»។ បើតាមអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក ការបង្កើនចំណងមិត្តភាព និងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងចិន និងរុស្ស៊ី ដែលត្រូវបានចុះហត្ថលេខា កាលពីដើមខែកុម្ភៈនេះ គឺជាការប្តេជ្ញារបស់ចិន និងរុស្ស៊ី ក្នុងការសហការគ្នាបន្ថែម ដើម្បីប្រឆាំងសហរដ្ឋអាមេរិក និងលោកខាងលិច ហើយវាក៏ជាក្តីព្រួយបារម្ភដ៏ធំធេងផងដែរ។

គួរបញ្ជាក់ថា ប្រទេសចិន និងរុស្ស៊ីមិនទាន់ធ្វើការឆ្លើយតបណាមួយ ចំពោះការចោទប្រកាន់ថ្មីនេះ ពីសំណាក់សហរដ្ឋអាមេរិកនោះឡើយ។ យ៉ាងណាក៏ដោយ នៅក្រោយហេតុការណ៍តានតឹងនៅអ៊ុយក្រែនកើតឡើង ចិនតាមរយៈយន្តការអង្គការសហប្រជាជាតិ បានចេញមុខអំពាវនាវឲ្យគ្រប់ភាគពាក់ព័ន្ធ រក្សាការអត់ធ្មត់ និងកុំចេញសកម្មភាពណាមួយ ដែលនាំទៅរកភាពតានតឹងបន្ថែម ហើយត្រូវបន្តកិច្ចសន្ទនា ដោះស្រាយបញ្ហាដោយសន្តិវិធី៕