(ម៉ូស្គូ)៖ ក្រោយទទួលបានការគាំទ្រពេញលេញពីសភា, នៅទីបំផុតប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានប្រកាសចេញនូវ «ប្រតិបត្តិការយោធា» ទៅកាន់តំបន់ ដុនបាស (Donbass) ភាគខាងកើតអ៊ុយក្រែន ដែលមានតំបន់ពីរគឺ ដូណេតក៍ (Donetsk) និង លូហាន់ក៍ (Luhansk) ដែលរុស្ស៊ីទើបទទួលស្គាល់ជារដ្ឋឯករាជ្យនៅក្នុងនោះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅមុននេះបន្តិច នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។

ការប្រកាសរបស់លោក ពូទីន ខាងលើនេះ ត្រូវបានធ្វើឡើងតាមរយៈសេចក្តីថ្លែងការណ៍ តាមកញ្ចក់ទូរទស្សន៍ ស្របពេលដែលក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ (UNSC) បានរៀបចំកិច្ចប្រជុំ ដើម្បីជំរុញឲ្យរុស្ស៊ីបញ្ឈប់សកម្មភាពទាំងអស់នេះ។

នៅមុនការបញ្ជាឲ្យកងទ័ពរុស្ស៊ី ចូលទៅកាន់តំបន់ Donbass ភាគខាងកើតអ៊ុយក្រែននោះ ប្រទេសអ៊ុយក្រែនទាំងមូល ក៏បានប្រកាសដាក់ខ្លួនឯង ទៅក្នុងគ្រាអាសន្នផងដែរ។ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលែនស្គី (Volodymyr Zelenskiy) បានព្រមានថា ការឈ្លានពានរបស់រុស្ស៊ី អាចជាការចាប់ផ្តើមនៃសង្គ្រាមដ៏ធំមួយនៅទ្វីបអឺរ៉ុប។

គួរបញ្ជាក់ថា តាមរយៈកិច្ចប្រជុំមួយនៅអង្គការសហប្រជាជាតិ (UN), លោកអគ្គលេខាធិការ អាន់តូនីញ៉ូ ហ្គូទែរែស Antonio Guterres បានសង្កត់ធ្ងន់ថា ពិភពលោកកំពុងប្រឈមមុខនឹងពេលវេលាដ៏គ្រោះថ្នាក់ ជុំវិញវិបត្តិអ៊ុយក្រែន ហើយការឈ្លានពានទាំងស្រុងរបស់រុស្ស៊ីលើអ៊ុយក្រែន នឹងបង្កជាវិនាសកម្មធ្ងន់ធ្ងរ ដែលនឹងនាំទៅរកវិបត្តិជនភៀសខ្លួនសកលថ្មីមួយ៕