(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក នៅថ្ងៃពុធសប្ដាហ៍នេះ បានដាក់ទណ្ឌកម្មលើក្រុមហ៊ុន ដែលទទួលបន្ទុកសាងសង់បំពង់ឧស្ម័ន Nord Stream 2 របស់រុស្ស៊ី បន្ទាប់ពីទីក្រុងម៉ូស្គូទទួលស្គាល់តំបន់ផ្ដាច់ខ្លួនពីរ នៅភាគខាងកើតអ៊ុយក្រែនជារដ្ឋឯករាជ្យ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។

ទណ្ឌកម្មខាងលើដែលមានគោលដៅលើក្រុមហ៊ុន Nord Stream 2 AG និងនាយកប្រតិបត្តិ (CEO) លោក Matthias Warnig នឹងបង្កើនសម្ពាធ លើគម្រោងបំពង់ឧស្ម័ននៅឯសមុទ្របាល់ទិច ដែលត្រូវបានបង្កើតឡើងដើម្បីបង្កើនសមត្ថភាពបង្ហូរឧស្ម័នទ្វេដង ពីរុស្ស៊ីទៅកាន់អាល្លឺម៉ង់។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ, ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយថារដ្ឋបាលរបស់លោកបានធ្វើការយ៉ាងជិតស្និទ្ធជាមួយ អាល្លឺម៉ង់ ជុំវិញគម្រោងបំពង់ឧស្ម័ន Nord Stream 2។ លោក បៃដិន បានបញ្ជាក់ដូច្នេះថា «នៅថ្ងៃនេះ, ខ្ញុំបានបញ្ជាឱ្យរដ្ឋបាលរបស់ខ្ញុំដាក់ទណ្ឌកម្មលើក្រុមហ៊ុន Nord Stream 2 AG និងមន្ត្រីជាន់ខ្ពស់របស់ពួកគេ...ហើយខ្ញុំចង់និយាយច្បាស់ថាយើងនឹងមិនស្ទាក់ស្ទើរឡើយក្នុងការចាត់វិធានការបន្ថែមទៀត ប្រសិនបើរុស្ស៊ីនៅតែបន្តភាពតានតឹង»

គួរបញ្ជាក់ថា អាល្លឺម៉ង់ កាលពីថ្ងៃអង្គារសប្ដាហ៍នេះ បានសម្រេចចិត្តព្យួរវិញ្ញាបនប័ត្រដំណើរការបំពង់ឧស្ម័ន Nord Stream 2 ដែលមានតម្លៃ ១១ពាន់លានដុល្លារ ដោយសារសកម្មភាពរបស់រុស្ស៊ីនៅអ៊ុយក្រែន។ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះគម្រោងបំពង់ឧស្ម័ន Nord Stream 2 ដ្បិតពួកគេយល់ថាគម្រោងនេះនឹងធ្វើឱ្យអឺរ៉ុបពឹងផ្អែកកាន់តែខ្លាំងលើឧស្ម័នរុស្ស៊ី៕