(ប៉េកាំង)៖ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថានការណ៍នៅតំបន់ភាគខាងកើតអ៊ុយក្រែន មានការផ្លាស់ប្តូរយ៉ាងខ្លាំងក្លា។ នៅថ្ងៃដដែលនោះ រុស្ស៊ីបានប្រកាសទទួលស្គាល់ «សាធារណរដ្ឋពីរ» នៅភាគខាងកើតអ៊ុយក្រែន បន្ទាប់មកសហរដ្ឋអាមេរិកក៏បានប្រកាសថា នឹងដាក់ទណ្ឌកម្មផ្នែកហិរញ្ញវត្ថុទៅលើរុស្ស៊ី ហើយប្រទេសលោកខាងលិចមួយចំនួន ក៏បានបង្ហាញពីឆន្ទៈរបស់ខ្លួន ក្នុងការគាំទ្រការដាក់ទណ្ឌកម្មនេះ ក្នុងពេលដំណាលគ្នាផងដែរ។ នៅក្នុងកិច្ចប្រជុំបន្ទាន់នៃក្រុមប្រឹក្សាសន្តិសុខរបស់ អង្គការសហប្រជាជាតិអំពីបញ្ហាអ៊ុយក្រែន ប្រទេសចិនបានអំពាវនាវឱ្យភាគីនានារក្សាភាពអត់ធ្មត់ ដើម្បីជៀសវាងពីរាល់សកម្មភាព ដែលប្រហែលនឹងបណ្តាលឱ្យស្ថានការណ៍កាន់តែតានតឹង។

ងាកទៅមើលនិន្នាការវិវឌ្ឍនៃបញ្ហាអ៊ុយក្រែនតាំងពីឆ្នាំ២០១៤ មក អាចឃើញថា វាកើតមានវិវាទខាងផលប្រយោជន៍ដ៏ស្មុគស្មាញរវាងពហុភាគី។ អ៊ុយក្រែនដែលបាននិងកំពុងស្ថិតក្នុងចំណុចកណ្តាល នៃការប្រកួតប្រជែងរវាងប្រទេសធំៗ និងមានការព្រួយបារម្ភថា អធិបតេយ្យភាពនិងសន្តិសុខជាតិរបស់ខ្លួន នឹងទទួលរងការរំលោភបំពាន ហើយរំពឹងថា អាចចូលជាសមាជិកនៃអង្គការណាតូ ដើម្បីទទួលបានការការពារ។ ចំណែកឯប្រទេសអឺរ៉ុបវិញបែរជាភ័យខ្លាចថា នឹងត្រូវអូសឱ្យចូលទៅក្នុងសង្រ្គាម ដែលមិនអាចគ្រប់គ្រងបានម្តងទៀត។

ដូច្នេះ ស្ថានការណ៍អ៊ុយក្រែនមានការវិវត្ត រហូតដល់សភាពការណ៍បច្ចុប្បន្ន គឺជាលទ្ធផលដែលបណ្តាលមកពីកត្តាដ៏ស្មុគស្មាញជាច្រើន។ ក្នុងនោះ សហរដ្ឋអាមេរិកបានដើរតួជាអ្នកបង្ករឿងហេតុនៅគ្រប់ទីកន្លែង។ ក្នុងមួយរយៈពេលចុងក្រោយនេះ ទីក្រុងវ៉ាស៊ីនតោនបានឃោសនាបំប៉ោងជាបន្តបន្ទាប់ នូវអ្វីដែលហៅថា រុស្ស៊ីនឹង «ឈ្លានពាន» អ៊ុយក្រែន គឺប៉ុនប៉ងបង្វែរទំនាស់ក្នុងស្រុក ដើម្បីស្រោចស្រង់ឡើងវិញ នូវអត្រាគាំទ្រដែលកំពុងធ្លាក់ចុះជាបន្តបន្ទាប់ ព្រមទាំងគិតចង់ទប់ស្កាត់ការអភិវឌ្ឍរបស់អឺរ៉ុប ដោយសំអាងលេសថា ភូមិសាស្ត្រនយោបាយមានភាពតានតឹង ទន្ទឹមនឹងនេះទីក្រុងវ៉ាស៊ីនតោន ក៏អាចបិទបាំងនូវគោលបំណងរបស់ខ្លួន ក្នុងការមិនចង់ឆ្លើយតបជាក់ស្តែងចំពោះ តម្រូវការនិងសំណូមពររបស់រុស្ស៊ី ស្តីពីការធានាសន្តិសុខផងដែរ។ ទង្វើរបស់អាមេរិកបែបនេះ វាមិនខុសអ្វីពីការយកសាំងមកចាក់លើភ្លើង ដល់ស្ថានការណ៍អ៊ុយក្រែនទាំងមូល។

សូមបញ្ជាក់ថា មធ្យោបាយដ៏ល្អបំផុតសម្រាប់ដោះស្រាយវិបត្តិអ៊ុយក្រែន គឺអង្គុយធ្វើកិច្ចចរចា តែមិនមែនជា «ការបង្កភាពចលាចលនៅគ្រប់ទីកន្លែង» នោះទេ។ ក្នុងនាមជារដ្ឋសមាជិកអចិន្រ្តៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ គោលជំហររបស់ចិនក្នុងបញ្ហាអ៊ុយក្រែន គឺជាប់រហូតនិងជាក់ច្បាស់ ពោលគឺ ការយកចិត្តទុកដាក់អំពីសន្តិសុខដ៏សមហេតុផលរបស់ប្រទេសណាមួយ សុទ្ធតែត្រូវទទួលបានការគោរព ហើយកម្មវត្ថុនិងគោលការណ៍របស់ធម្មនុញ្ញអង្គការសហប្រជាជាតិ ក៏ត្រូវទទួលបានការគាំពារផងដែរ។

ក្នុងកិច្ចប្រជុំសន្តិសុខទីក្រុងមុយនិចលើកទី៥៨ ដែលបានធ្វើឡើងនាពេលថ្មីៗកន្លងទៅនេះ ប្រទេសចិនបានលើកឡើងថា ទាក់ទិននឹងបញ្ហាអ៊ុយក្រែន យើងគួរតែត្រឡប់ទៅកាន់ផ្លូវត្រឹមត្រូវ ដែលជំរុញដល់ការអនុវត្តកិច្ចព្រមព្រៀង Minsk ឡើងវិញក្នុងពេលឆាប់ៗ។ កិច្ចព្រមព្រៀងនេះត្រូវបានឈានដល់ដោយសាមីប្រទេស តាមរយៈការចរចានិងទទួលបានការអនុម័ត ពីសំណាក់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលជាផ្លូវចេញតែមួយគត់ សម្រាប់ដោះស្រាយបញ្ហាអ៊ុយក្រែន។

នាពេលបច្ចុប្បន្ននេះ ស្ថានការណ៍អ៊ុយក្រែនកំពុងមានភាពកាន់តែអាប់អួពីមួយថ្ងៃទៅមួយថ្ងៃ។ សាមីភាគីពាក់ព័ន្ធនានាត្រូវរក្សាភាពអត់ធ្មត់ ក៏ដូចជាយល់ដឹងពីសារសំខាន់ នៃការអនុវត្តនូវគោលការណ៍អំពីសន្តិសុខ ដែលមិនអាចកាត់ផ្តាច់បាន និងជៀសវាងកុំឱ្យស្ថានការណ៍ឡើងកម្តៅថែមមួយកម្រិតទៀត។ កម្លាំងខាងក្រៅ ដូចជាសហរដ្ឋអាមេរិកជាដើម គួរតែធ្វើកិច្ចការណាដែលជំរុញដល់ការចរចាសន្តិភាព ឱ្យបានកាន់តែច្រើនឡើងៗ តែមិនមែនបន្ថែមកម្តៅដល់ស្ថានការណ៍ដ៏តានតឹង និងបង្កភាពភ័យតក់ស្លុតនោះទេ។ បើសិនជាចង់ឱ្យពិភពលោកមានភាពប្រសើរឡើង នោះប្រទេសធំលើពិភពលោកចាំបាច់ត្រូវតាំងខ្លួនជាគំរូល្អ៕