(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានប្រកាសចេញនូវទណ្ឌកម្មថ្មីៗ ទៅលើបុគ្គលមានឥទ្ធិពលមួយចំនួន និងធនាគារសំខាន់ៗចំនួន ២ របស់ប្រទេសរុស្ស៊ី ខណៈបណ្តាប្រទេសលោកខាងលិច បាននិងកំពុងព្យាយាមបញ្ឈប់ទង្វើឈ្លានពានអ៊ុយក្រែន តាមរយៈការបញ្ជាឲ្យបញ្ជូនកងទ័ពរុស្ស៊ី ចូលទៅកាន់តំបន់ផ្តាច់ខ្លួនចំនួនពីរនៅអ៊ុយក្រែន ដែលរុស្ស៊ីទើបបានទទួលស្គាល់ជា «រដ្ឋឯករាជ្យ» កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃពុធ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២២។

សហភាពអឺរ៉ុប អាល្លឺម៉ង់ និងចក្រភពអង់គ្លេស សុទ្ធតែបានប្រកាសអំពីគោលដៅដូចៗគ្នា ក្នុងការដាក់ទណ្ឌកម្មលើផ្នែកហិរញ្ញវត្ថុរបស់ប្រទេសរុស្ស៊ី ខណៈដែលសម្ព័ន្ធមិត្តលោកខាងលិច របស់សហរដ្ឋអាមេរិកទាំងនេះ កំពុងព្រួយបារម្ភថា ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន និងអាចកើតមានឡើងបន្ថែមទៀត។

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានថ្លែងចេញពីសេតវិមាន នៅថ្ងៃអង្គារសប្តាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) ថា «និយាយដោយសាមញ្ញ, រុស្ស៊ីទើបតែបានប្រកាសថា ខ្លួនកំពុងលេបយកបំណែកធំមួយរបស់អ៊ុយក្រែន។ លោក (ពូទីន) កំពុងបង្កើតលេសមួយ ដើម្បីលេបយកទឹកដីបន្ថែមទៀត ដោយប្រើប្រាស់កម្លាំង។ នេះគឺជាការចាប់ផ្តើម នៃការឈ្លានពានមួយរបស់រុស្ស៊ី ទៅលើអ៊ុយក្រែនហើយ»

គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទសប្តាហ៍នេះ (ម៉ោងនៅម៉ូស្គូ) ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន បានចុះហត្ថលេខាលើក្រិតមួយ ដោយទទួលស្គាល់តំបន់ផ្តាច់ខ្លួនចំនួន ២ នៅភាគខាងកើតអ៊ុយក្រែនគឺ ដូណេតក៍ (Donetsk) និង លូហាន់ក៍ (Luhansk) ជា «រដ្ឋឯករាជ្យ» ដោយមានឈ្មោះពេញថា «សាធារណរដ្ឋប្រជាមានិតដូណេតក៍» និង «សាធារណរដ្ឋប្រជាមានិតលូហាន់ក៍»។ លោក ពូទីន ក៏បានបញ្ជាឲ្យបញ្ជូនកងកម្លាំងរក្សាសន្តិភាពរុស្ស៊ី ចូលទៅកាន់តំបន់ទាំងពីរនេះផងដែរ ដោយស្ថិតក្នុងន័យការពារសន្តិសុខ ពីការវាយប្រហារដោយកងទ័ពអ៊ុយក្រែន៕