(ឡង់ដ៍)៖ អ្នកនាំពាក្យវិមាន Buckingham បាននិយាយថា ម្ចាស់ក្សត្រី Elizabeth នឹងខកខានការចូលរួមប្រជុំនិម្មិត (អនឡាញ) ដែលបានគ្រោងទុកនៅថ្ងៃអង្គារ ទី២២ ខែកុម្ភៈនេះ ដោយសារតែទ្រង់បន្តមានរោគសញ្ញាដូចជំងឺផ្តាសាយ បន្ទាប់ពីបានធ្វើតេស្តវិជ្ជមានសម្រាប់កូវីដ១៩។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters។

អ្នកនាំពាក្យរាជវាំងបាននិយាយថា ម្ចាស់ក្សត្រីព្រះជន្ម៩៥ឆ្នាំ «បានសម្រេចចិត្តមិនចូលរួមប្រជុំអនឡាញដែលបានគ្រោងទុកនៅថ្ងៃនេះទេ ប៉ុន្តែនឹងបន្តព្រះភារកិច្ចស្រាលៗ»

មួយវិញទៀតទាក់ទងនឹង ការជួបសន្ទនាប្រចាំសប្តាហ៍របស់ទ្រង់ជាមួយនាយករដ្ឋមន្ត្រីលោក Boris Johnson នៅថ្ងៃពុធសប្តាហ៍នេះ ក៏នឹងត្រូវសម្រេចចិត្តឡើងវិញផងដែរថា តើលុបចោលឬយ៉ាងណា នៅពេលម៉ោងជិតដល់។

គួរបញ្ជាក់ថា ក្រុមមន្ត្រីព្រះរាជវាំងបានបញ្ជាក់កាលពីថ្ងៃអាទិត្យថា ម្ចាស់ក្សត្រីតេស្តវិជ្ជមានចំពោះជំងឺកូវីដ១៩។ លទ្ធផលនេះបានជំរុញឱ្យមានការព្រួយបារម្ភ និងការជូនពរពីគ្រប់មជ្ឈដ្ឋាននយោបាយរបស់ចក្រភពអង់គ្លេស ចំពោះព្រះមហាក្សត្រី ដែលជាព្រះមហាក្សត្រសោយរាជ្យយូរជាងគេរបស់ប្រទេសនេះ៕