(ប៉េកាំង)៖ រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី (Wang Yi) នៅថ្ងៃអង្គារនេះ បានអំពាវនាវឱ្យគ្រប់ភាគីទាំងអស់ពាក់ព័ន្ធបញ្ហាអ៊ុយក្រែន គួរកុំប្រញាប់ឆេវឆាវ ហើយព្យាយាមបន្ធូរបន្ថយភាពតានតឹង និងដោះស្រាយការខ្វែងគំនិតគ្នាផ្សេងៗ ដោយសន្តិវិធី គឺតាមរយៈកិច្ចសន្ទនា និងចរចា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៉ីនហួរ នៅថ្ងៃអង្គារ ទី២២ ខែកុម្ភៈ ឆ្នាំ២០២២។

លោករដ្ឋមន្រ្តីការបរទេសចិន បានជួបពិភាក្សាគ្នាតាមទូរស័ព្ទជាមួយ រដ្ឋមន្រ្តីការបរទេសរបស់សហរដ្ឋអាមេរិក គឺលោក អាន់តូនី ប្លីងគិន (Antony Blinken) ដោយកំលុងពេលនោះ លោកបានបង្ហាញពីគោលជំហររបស់ប្រទេសចិន ជុំវិញវិបត្តិអ៊ុយក្រែន។ យោងតាមលោក វ៉ាង វិនប៊ិន (Wang Wenbin) ដែលជាអ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង យី បានសម្តែងក្តីបារម្ភជុំវិញស្ថានការណ៍វិវត្តនៅអ៊ុយក្រែន ហើយលោកបានលើកឡើងទៀតថា គោលជំហរចិនជុំវិញបញ្ហាអ៊ុយក្រែន គឺនៅតែដដែល។

ក្នុងជំនួបតាមទូរស័ព្ទលោកប្រមុខការទូតចិន បានប្រាប់រដ្ឋមន្រ្តីការបរទេសអាមេរិកថា ក្តីបារម្ភសមហេតុផលទាក់ទងនឹងបញ្ហាសន្តិសុខ របស់ប្រទេសណាមួយក៏ដោយ គួរតែត្រូវបានគោរព ហើយគោលបំណងនិងគោលការណ៍ នៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ គួរតែត្រូវប្រកាន់ខ្ជាប់។

ជាចុងក្រោយជុំវិញបញ្ហាអ៊ុយក្រែន លោក វ៉ាង យី បានអំពាវនាវដល់គ្រប់ភាគីឱ្យរក្សាភាពអត់ធ្មត់ ហើយងាកទៅព្យាយាមបន្ធូរបន្ថយភាពតានតឹង និងដោះស្រាយវិបត្តិ តាមរយៈការនិយាយគ្នាដោយសន្តិវិធី ខណៈដែលស្ថានការណ៍ កំពុងឆ្ពោះទៅរកភាពអាក្រក់ទៅៗ៕