(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានចុះហត្ថលេខាហើយលើបទបញ្ជាប្រតិបត្តិមួយ ដើម្បីដាក់ទណ្ឌកម្មលើតំបន់ផ្ដាច់ខ្លួន ពីរ គ្រប់គ្រងដោយក្រុមឧទ្ទាមគាំទ្ររុស្ស៊ី ខណៈជប៉ុនសន្យាថានឹងធ្វើកិច្ចសម្របសម្រួលជាមួយបណ្ដាប្រទេស G7 ក្នុងការដោះស្រាយវិបត្តិ អ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២២ ខែកុម្ភៈ ឆ្នាំ២០២២។

នៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) អ្នកនាំពាក្យសេតវិមាន លោកស្រី ជែន សាគី (Jen Psaki) បាន ឱ្យដឹងថាលោក បៃដិន បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដែលនឹងហាមពលរដ្ឋ ឬក្រុមហ៊ុនអាមេរិក ក្នុងការវិនិយោគ, ធ្វើពាណិជ្ជកម្ម និងហិរញ្ញវត្ថុជាមួយសាធារណរដ្ឋប្រជាមានិតដូណេតក៍ (DNR) និងសាធារណរដ្ឋប្រជាមានិតលូហានក៍ (LNR)។ លោកស្រីបន្ថែមថាបណ្ដា ប្រទេសលោកខាងលិចបានត្រៀមខ្លួនជាស្រេច ដើម្បីដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ ប្រសិនបើរុស្ស៊ីពិតជាឈ្លានពានអ៊ុយក្រែនមែននោះ។

ការសម្រេចចិត្តដាក់ទណ្ឌកម្មជាជំហានដំបូងរបស់រដ្ឋបាលលោក ចូ បៃដិន ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចេញ ក្រឹត្យចំនួន២ ដោយក្រឹត្យទី១ ទទួលស្គាល់តំបន់ផ្ដាច់ខ្លួនទាំងពីរនេះនៅអ៊ុយក្រែនជារដ្ឋឯករាជ្យ និងក្រឹត្យទី២ គឺបញ្ជូនកងទ័ពរុស្ស៊ីទៅកាន់តំបន់ ទាំង២ ក្រោមបេសកកម្មរក្សាសន្តិភាព។

ជាមួយគ្នានោះដែរ រដ្ឋមន្ត្រីហិរញ្ញវត្ថុជប៉ុន លោក ស៊ូនីឈិ ស៊ូហ្សូគី (Shunichi Suzuki) បាននិយាយនៅថ្ងៃអង្គារនេះថាជប៉ុននឹងធ្វើកិច្ចសម្របសម្រួលជាមួយបណ្ដាប្រទេស G7 ក្នុងការដោះស្រាយវិបត្តិអ៊ុយក្រែន ស្របពេលសារព័ត៌មានជប៉ុន យ៉ូមីអ៊ូរិ (Yomiuri) បានរាយការណ៍ថាទីក្រុងតូក្យូ អាចនឹងចូលរួមជាមួយសហរដ្ឋអាមេរិក ក្នុងការដាក់ទណ្ឌកម្មលើរុស្ស៊ី ក្នុងនោះរួមមានទាំងការហាមឃាត់លើការ នាំចេញបន្ទះឈីប និងបច្ចេកវិទ្យាសំខាន់ៗជាច្រើនទៀត។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក កំពុងវាយតម្លៃថាតើបទបញ្ជារបស់លោក ពូទីន ឱ្យកងទ័ពរុស្ស៊ីចូលទៅកាន់តំបន់ផ្ដាច់ខ្លួនទាំងពីរខាងលើ គ្រប់គ្រង ដោយក្រុមឧទ្ទាមគាំទ្ររុស្ស៊ី គឺជាសកម្មភាពឈ្លានពាន ឬក៏យ៉ាងណា។ ប៉ុន្តែ កាលពីខែមករាកន្លងទៅ លោក បៃដិនផ្ទាល់ធ្លាប់បានព្រមានថា បើកងទ័ពរុស្ស៊ី ឆ្លងព្រំដែនចូលទឹកដីអ៊ុយក្រែន នោះវានឹងត្រូវបានចាត់ទុកថាជាការឈ្លានពាន៕