(យូអិន)៖ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងប្រទេសបារាំង បានស្នើឲ្យក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ (UNSC) បើកកិច្ចប្រជុំបន្ទាន់មួយនៅថ្ងៃចន្ទនេះ (ម៉ោងនៅទីក្រុងញូយ៉ក) បន្ទាប់ពីរុស្ស៊ីបានប្រកាសទទួលស្គាល់តំបន់ផ្តាច់ខ្លួនចំនួន ២ នៅភាគខាងកើតអ៊ុយក្រែន គឺ ដូណេតក៍ (Donetsk) និង លូហាន់ក៍ (Luhansk) ជារដ្ឋឯករាជ្យ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃអង្គារ ទី២២ ខែកុម្ភៈ ឆ្នាំ២០២២។

ប្រភពពីមន្ត្រី UN បានឲ្យដឹងទៀតថា សមាជិករបស់ក្រុមប្រឹក្សាសន្តិសុខផ្សេងទៀត ដូចជាប្រទេសអាល់បានី, អៀរឡង់, ន័រវែស និងមិចស៊ីកូ ជាដើម ក៏បានប្រកាសគាំទ្រក្រុមប្រឹក្សាសន្តិសុខ ឲ្យបើកកិច្ចប្រជុំបន្ទាន់មួយ នៅថ្ងៃចន្ទសប្តាហ៍នេះផងដែរ។ យ៉ាងណាក៏ដោយ ប្រទេសរុស្ស៊ីដែលបច្ចុប្បន្នជាប្រធាននៃ UNSC នោះ គឺជាអ្នកដែលនឹងត្រូវសម្រេច រៀបចំពេលវេលាសម្រាប់បើកកិច្ចប្រជុំ តបតាមការទទូចរបស់ បណ្តាប្រទេសជាសមាជិកទាំងអចិន្ត្រៃយ៍ និងមិនអចិន្ត្រៃយ៍ទាំងនេះ។

គួរបញ្ជាក់ថា តែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយការប្រកាសទទួលស្គាល់តំបន់ Donetsk និង Luhansk ជារដ្ឋឯករាជ្យកាលពីថ្ងៃចន្ទ (ម៉ោងនៅម៉ូស្គី), ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក៏បានចេញបញ្ជាឱ្យកងទ័ពរុស្ស៊ីចូលទៅកាន់ តំបន់ភាគខាងកើតប្រទេសអ៊ុយក្រែនទាំងនោះ ក្រោមក្របខណ្ឌនៃបេសកកម្មរក្សាសន្តិភាពផងដែរ ខណៈសហរដ្ឋអាមេរិកវិញកំពុងវាយតម្លៃថា តើបទបញ្ជារបស់លោក ពូទីន គឺជាសកម្មភាពឈ្លានពាន ឬក៏យ៉ាងណា។

សម្រាប់ប្រទេសរុស្ស៊ីវិញ, នៅក្នុងការថ្លែងសុន្ទរកថាជិត ១ម៉ោងតាមកញ្ចក់ទូរទស្សន៍ ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន បានអះអាងថា «ពួកគេបានព្យាយាមរករឿងយើងម្តងទៀត។ បណ្តាប្រទេសលោកខាងលិច កំពុងគំរាមកំហែងដាក់ទណ្ឌកម្មម្តងទៀត ដែលតាមវិធីនេះ ពួកគេនឹងដាក់ចេញ ខណៈដែលអធិបតេយ្យភាពរបស់រុស្ស៊ីត្រូវពង្រឹង ហើយអំណាចនៃកងទ័ពរបស់យើងកើនឡើង។ ដោយឡែកសម្រាប់ លេស ក្នុងការបើកការវាយប្រហារអ្វីនោះ គឺគង់តែនឹងត្រូវរកឃើញ ឬប្រឌិតឡើងប៉ុណ្ណោះ»

លោក ពូទីន បានគូសបញ្ជាក់យ៉ាងដូច្នេះថា «នៅក្នុងឯកសាររបស់ NATO, ប្រទេសរបស់យើង គឺត្រូវបានចាត់ទុកដោយផ្ទាល់ និងជាផ្លូវការថា ជាការគំរាមកំហែងធំបំផុតចំពោះសន្តិសុខ នៅតំបន់អាត្លង់ទិកខាងជើង, ហើយអ៊ុយក្រែន នឹងត្រូវលើកបន្តុបឲ្យធ្វើអ្នកដែលបន្តដំណើរទៅមុខ ដើម្បីប្រឆាំងរុស្ស៊ី»។ លោក ពូទីន បានសង្កត់ធ្ងន់ថា «រុស្ស៊ីមានសិទ្ធិគ្រប់យ៉ាង ដើម្បីចាត់វិធានការឆ្លើយតប ដើម្បីធានាសន្តិសុខខ្លួនឯង។ នោះគឺជាអ្វីដែលនឹងត្រូវធ្វើយ៉ាងពិតប្រាកដ»